(កូរ៉េ)៖ នៅទីបំផុត តារាចម្រៀងល្បីរបស់កូរ៉េខាងត្បូង កញ្ញា IU បានទម្លាយថា នាងមានបញ្ហាត្រចៀកជាងមួយឆ្នាំហើយ ដែលធ្វើឲ្យនាងពិបាកក្នុងការស្តាប់សំឡេងយ៉ាងខ្លាំង។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Straits Times នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២។

នៅក្នុងការប្រគំតន្ត្រីនាពេលថ្មីៗនេះ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក នៅទីក្រុងសេអ៊ូល កញ្ញា IU បានដាច់ចិត្តនិយាយទៅកាន់អ្នកគាំទ្រ នៅចុងនៃកម្មវិធីយ៉ាងដូច្នេះថា «ការស្តាប់របស់ខ្ញុំចាប់ផ្តើមកាន់តែយ៉ាប់យ៉ឺនហើយ ចាប់តាំងពីយប់ថ្ងៃហាត់សមរហូតមកទល់នឹងពេលនេះ វាប្រៀបបានជាឋាននរកសម្រាប់ខ្ញុំ»។ តែយ៉ាងណា តារាស្រីរូបនេះ បានអរគុណទៅកាន់អ្នកគាំទ្រ ដោយនិយាយថា «ខ្ញុំឡើងឆាកនៅពេលនេះទាំងមិនដឹងថា ត្រូវធ្វើអ្វី ក៏ប៉ុន្តែជាការពិតអ្នកទាំងអស់គ្នា (អ្នកគាំទ្រ) បានជួយជ្រោមជ្រែង និងធ្វើឲ្យកម្មវិធីនេះកើតឡើង»

តារាចម្រៀងដែលមានឈ្មោះពិតថា Lee Ji-eun ក៏បានបើកចំហអំពីភាពមិនប្រាកដប្រជា ដែលនាងធ្លាប់មាន ខណៈដែលនាងត្រូវរង់ចាំបីឆ្នាំទៀត ដើម្បីរៀបចំការប្រគំតន្ត្រីជាថ្មី។

គួរជម្រាបថា តារាស្រីវ័យ ២៩ឆ្នាំរូបនេះ ត្រូវបានគេដឹងថា ជាតារាចម្រៀងស្រីកូរ៉េខាងត្បូង ដំបូងគេដែលបានសម្ដែងនៅទីនោះ។ វាក៏ជាការប្រគំតន្ត្រីផ្ទាល់លើកដំបូងរបស់នាង ក្នុងរយៈពេលបីឆ្នាំចាប់តាំងពីកម្មវិធី Love Poem ក្នុងឆ្នាំ ២០១៩៕