(អឺរ៉ុប)៖ ស្ថាប័នគ្រប់គ្រង FIA នៃកម្មវិធីប្រណាំងរថយន្ត Formula 1 បានបញ្ជាក់ថា សម្រាប់រដូវកាលប្រណាំងឆ្នាំ២០២៣ នឹងមានចំនួន ២៤កម្មវីធីប្រកួត។ នេះបើតាមប្រភពពី BBC ឲ្យដឹងនាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២។

នៅក្នុងប្រតិទិនថ្មីនឹងមានការប្រណាំង Las Vegas Grand Prix ដែលអាចបង្ហាញខ្លួនជាលើកដំបូងនៅអំឡុងខែវិច្ឆិកា ក៏ដូចជាមួយការចាប់ផ្តើមឡើងវិញនៅប្រទេសកាតា និងប្រទេសចិន នាឆ្នាំក្រោយនេះ ខណៈទីក្រុង Monaco បានបន្តចុះហត្ថលេខាលើកិច្ចព្រមព្រៀងយ៉ាងហោចណាស់រហូតដល់ឆ្នាំ២០២៥។

តាមរយៈការប្រកាសរបស់ FIA បានឲ្យដឹងថា កម្មវិធីប្រណាំងនៅ Las Vegas បានព្រមព្រៀងរៀបចំនៅថ្ងៃទី១៨ ខែវិច្ឆិកា មុនពេលព្រឹត្តិការណ៍ Abu Dhabi ដែលជាការប្រកួតជុំចុងក្រោយនៃរដូវកាល ហើយនេះក៏ក្លាយជាកម្មវិធីទី៣ ក្នុងប្រតិទិនដែលធ្វើឡើងនៅសហរដ្ឋអាមេរិក ដោយមានការដាក់ក្តីរំពឹងថាអាចទាក់ទាញអ្នកទស្សនាប្រមាណ ១៧ម៉ឺននាក់ដែរ។

គួររំលឹកផងថា បច្ចុប្បន្នកម្មវិធីប្រណាំង F1 រដូវកាលឆ្នាំ២០២២ បានឈានដល់ជុំទី១៧ ដែលជាការប្រណាំងនៅ Singapore Grand Prix ត្រៀមនឹងធ្វើឡើងចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ ដ្បិតកីឡាករ Max Verstappen កំពុងឈ្នះបាន ១១ជុំហើយ ក្នុងចំណោម ២២កម្មវិធី៕