(ភ្នំពេញ)៖ បុរី មេគង្គ លែន ជានិច្ចកាលតែងតែយកចិត្តទុក្ខដាក់ដល់ បុគ្គលិកគ្រប់ជាន់ថ្នាក់ព្រមទាំង កម្មករ-កម្មការិនី ជាងទាំងអស់ដែលបានបំពេញការងារជូន បុរី មេគង្គ លែន។

ជាក់ស្តែង នាព្រឹកថ្ងៃទី ថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ២០២២ លោកឧកញ៉ា ជាម ឃុនណាត អគ្គនាយក នៃ បុរី មេគង្គ លែនព្រមទាំងគណៈគ្រប់គ្រងគ្រប់ជាន់ថ្នាក់ នៃ បុរី មេគង្គ លែន បានរៀបចំ ចែកជូនអំណោយដល់ បុគ្គលិក ជាង កម្មករ-កម្មការិនី ដែលកំពុងបំពេញការងារក្នុងការដ្ឋាន ប្រមាណជាង ១,០០០នាក់ ក្នុងនោះមានដូចជា មី ទឹកសុទ្ធ ទឹកក្រូច និងថវិកាមួយចំនួន សម្រាប់ជាការលើកទឹកចិត្ត និង អគុណសម្រាប់ការខិតខំប្រឹងប្រែងដល់បុគ្គលិក ជាង កម្មករ- កម្មការិនី កន្លងមក ក៏ដូចជាការធ្វើទានដ៏ថ្លៃថ្លាសម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌ នេះផងដែរ។

កន្លងមកគេសង្កេតឃើញជារឿយៗពេលកន្លងមក បុរី មេគង្គ លែន តែងតែចូលរួម ក្នុងការងារសង្គមផ្សេងៗ ក៏ដូចជាការរៀបចំអំណោយសម្រាប់ កម្មករ-កម្មការនី ដែលបម្រើការងារក្នុងការដ្ឋាន ផ្ទាល់តែម្តង ដែលសកម្មភាពទាំងនេះ បានបង្ហាញចេញនូវការយកចិត្តទុកដាក់អំពីសុខទុក្ខទៅលើពួកគាត់ ពីសំណាក់ថ្នាក់ដឹកនាំ និងគណៈគ្រប់គ្រង របស់ បុរី មេគង្គ លែន ។ គេឃើញថា មានបុគ្គលិក កម្មករ-កម្មការិនី ជាច្រើន សម្តែងការពេញចិត្តនិង រំភើបរីករាយជាខ្លាំង ដោយក្រុមហ៊ុនតែងតែយកចិត្តទុកដាក់ចំពោះពួកគាត់ មិនដែលអាក់ខានម្តងណា មិនថារដូវកាលបុណ្យទាន ឬក្រៅពីបុណ្យទាននោះទេ។

ក្នុងឱកាស ផ្តល់ជូនអំណោយនេះ លោកឧកញ៉ា បានសង្កត់ធ្ងន់ថា លោកពិតជាមានសេចក្តីសោមនស្សយ៉ាងក្រៃលែងដែលមានឱកាសបានសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយ។ លោកក៏បានសម្តែងការអរគុណទៅកាន់ បុគ្គលិក កម្មករ-កម្មការិនី ជាងទាំងអស់ របស់បុរី ដែលបានចូលរួមបំពេញការងារយ៉ាងសកម្ម ដោយយកចិត្តទុកដាក់អស់ពីចិត្តពីថ្លើម និងយ៉ាងហ្មត់ចត់ប្រកបដោយភាពអត់ធ្មត់ មិនខ្លាចនឿយហត់ ដើម្បីផ្តល់ជូនលំនៅដ្ឋានប្រកបដោយគុណភាពសំណង់ល្អបំផុត សម្រាប់អតិថិជន។

លោកបានបន្តថា ប្រសិនជាគ្មានការចូលរួមពីកម្មករ ជាងទេនោះ សមទ្ធិផលដែលទទួលបាននៅថ្ងៃនេះក៏មិនអាចចេញជារូបរាងបានដែរ ហើយក៏មានការជូនពរ ដល់គណៈគ្រប់គ្រង បុគ្គលិកកម្មករ កម្មការនី សម្រាប់ថ្ងៃឈប់សម្រាកនា ថ្ងៃបុណ្យភ្ជុំបិណ្ឌប្រពៃណី ជាតិខ្មែរខាងមុខនេះផងដែរ៕