(កូរ៉េ)៖ ការចូលបំពេញកាតព្វកិច្ចយោធា សម្រាប់យុវជននៅក្នុងប្រទេសកូរ៉េខាងត្បូង គឺពិតជាមានសារសំខាន់ខ្លាំងណាស់ ខណៈបុរសដែលមានវ័យចាប់ពី ១៨ទៅ ២៨ឆ្នាំ គឺចាំបាច់ត្រូវតែចូលហ្វឹកហាត់ ផ្នែកយោធារយៈពេល២ឆ្នាំ។ យ៉ាងណាមិញ សម្រាប់ក្រុមចម្រៀងបុរសដ៏ល្បីរបស់ប្រទេសនេះ គឺ BTS កំពុងស្ថិតក្នុងដំណាក់កាលមួយដ៏តានតឹង ខណៈថ្មីៗនេះ ក្រសួងការពារជាតិកូរ៉េ ស្រាប់តែចេញមកឆ្លើយតបជាផ្លូវការ ចំពោះបញ្ហានេះ។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន All KPOP នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២។

លោក Min Hong Cheol សមាជិកនៃគណបក្សប្រជាធិបតេយ្យកូរ៉េ បានលើកសំណួរទាក់ទងនឹងការចូលបម្រើយោធារបស់ BTS ទៅកាន់រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េ Lee Jong Seop នៅក្នុងសម័យប្រជុំពេញអង្គលើកទី៤ ដែលធ្វើឡើងនៅថ្ងៃទី២០ ខែកញ្ញា ពាក់ព័ន្ធនឹងការសម្រេចថា តើការចូលបម្រើយោធារបស់ BTS នឹងទៅជាយ៉ាងណា ឬសម្រេចយ៉ាងដូចម្តេចនោះ?

ឆ្លើយតបនឹងសំណួរនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េ បាននិយាយយ៉ាងដូច្នេះថា «ដើម្បីបញ្ជាក់ឡើងវិញ អំពីគោលជំហររបស់ក្រសួងការពារជាតិ គឺពុំមានការផ្លាស់ប្តូរអ្វីទាំងអស់ ចំពោះគោលជំហរបច្ចុប្បន្ននេះ ដែលថា វាជារឿងពិបាកក្នុងការកែប្រែបន្ថែម លើប្រព័ន្ធផ្តល់ជម្រើសជំនួស បើនិយាយអំពីភាពយុត្តិធម៌នៃកាតព្វកិច្ចយោធា ស្តីពីបញ្ហាកាតព្វកិច្ចយោធា របស់ក្រុម BTS ពោលគឺមានន័យថា ក្រុម BTS នៅមានកាតព្វកិច្ចចូលបំរើយោធាដដែល ពុំមានការលើកលែងអ្វីឡើយ ប្រសិនបើគ្មានការកែប្រែបន្ថែមលើច្បាប់ណាមួយ»

គួរជម្រាបថា ទោះបីកាតព្វកិច្ចចូលបម្រើយោធា គឺតម្រូវឲ្យបុរសគ្រប់រូបអនុវត្តន៍ក៏ដោយ ក៏មានការលើកលែងផងដែរ ពោលគឺក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ បុរសមួយចំនួនទទួលបានការលើកលែង រួមមានការលើកលែងឲ្យពន្យាពេល ក្នុងរយៈពេលជាក់លាក់មួយ ឬត្រូវបានអនុញ្ញាតឲ្យចូលយោធារយៈពេលខ្លីជាងការកំណត់ ខណៈអ្នកដែលបានចូលក្នុងលក្ខខណ្ខលើកលែង គឺរួមមានបុរសដែលឈ្នះមេដាយ នៅព្រឹត្តិការណ៍កីឡាអូឡាំពិក ឬកីឡាអាស៊ី និងតន្ត្រីករបុរាណ និងអ្នករាំដែលឈ្នះរង្វាន់កំពូលៗ។ បន្ថែមពីនេះ ក្រោមការកែសម្រួលច្បាប់ កាលពីឆ្នាំ ២០១៩កន្លងទៅ បានកំណត់ថា តារា K-pop ដែលត្រូវបានទទួលស្គាល់ទូទាំងពិភពលោក ត្រូវបានអនុញ្ញាតឲ្យពន្យាពេលការចូលបំពេញកាតព្វកិច្ចយោធា បានរហូតដល់ពួកគេមានអាយុ៣០ឆ្នាំ៕