(ភ្នំពេញ)៖ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ កម្មវិធី «ខ្ញុំឆ្នើម» ឬ The Best of Me រៀបចំដោយ ខ្មែរ ប៊ែវើរីជីស នៅលើកទី២ មានការចូលរួមដោយ លោកនាយក នាយករង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សសរុប ២២០នាក់ ពីវិទ្យាល័យទាំង ៥ នៅរាជធានីភ្នំពេញរួមមាន វិទ្យាល័យសម្ដេច ហ៊ុន សែន ព្រែកកំពឹស វិទ្យាល័យទួលអំពិល វិទ្យាល័យជម្ពូវ័ន វិទ្យាល័យពងទឹក និងវិទ្យាល័យព្រែកឯង។

លោកបណ្ឌិត អ៉ឹម សុធារិទ្ធ នាយកទំនាក់ទំនងសាធារណៈ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឲ្យដឹងថា៖ «ការបណ្តុះគំនិតវិជ្ជមានដល់សិស្សានុសិស្ស គឺជាអ្វីដែលយើងគួរតែយកចិត្តទុកដាក់ ដូចនេះទើប ខ្មែរ ប៊ែវើរីជីស នៅតែបន្តការរៀបចំ «ខ្ញុំឆ្នើម» ។ ជាពិសេស យើងសង្ឃឹមថា ប្អូនៗចេះប្រើចំណុចខ្លាំងរបស់ខ្លួន ដើម្បីរើសជំនាញដែលខ្លួនចូលចិត្ត និងត្រឹមត្រូវសម្រាប់អនាគត»។

លោក អ៊ុង ប៊ុនរិន នាយករងវិទ្យាល័យទួលអំពិល បានឲ្យដឹងថា៖ «កម្មវិធី «ខ្ញុំឆ្នើម» ឆ្នាំ២០២២ នេះ កាន់តែបើកទូលាយឲ្យសិស្សបានចូលរួម ដើម្បីបំប៉នសមត្ថភាព ពីរៀមច្បងដែលពូកែៗនិងមានបទពិសោធន៍ លើសពីនេះទៀត កម្មវិធីនេះនឹងអាចឲ្យសិស្សដែលត្រៀមប្រឡងចប់ចូលថ្នាក់ឧត្ដមសិក្សាសម្រេចចិត្តជ្រើសរើសជំនាញសិក្សាត្រឹមត្រូវសម្រាប់ខ្លួនឯងផងដែរ»។

គួរបញ្ជាក់ផងដែរ សម្រាប់ កម្មវិធី «ខ្ញុំឆ្នើម» នៅលើកទី៣ខាងមុខ នឹងមានការរៀបចំតាមរយៈឌីជីថល ដោយមានការ Live ផ្ទាល់តាម Zoom និង Facebook បន្ថែមលើការចូលរួមដោយផ្ទាល់នៅក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដូចនេះ សិស្សនុសិស្សដែលកំពុងរៀនថ្នាក់ទី១២ ពីវិទ្យាល័យផ្សេងៗសូមកុំខកខាន៕