(ភ្នំពេញ)៖ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានរៀបចំពិធីប្រគល់សញ្ញាបត្របណ្ឌិតកិតិ្តយស «ផ្នែករដ្ឋបាលអប់រំ និងភាពជាអ្នកដឹកនាំ» (Honorary Doctorate Degree in Educational Administration and Leadership) ជូនលោកបណ្ឌិត បាក់ អុកស៊ូ ស្ថាបនិកអង្គការសម្ព័ន្ធយុវជនអន្តរជាតិ (IYF) មកពីប្រទេសកូរ៉េខាងត្បូង ក្រោមអធិបតីភាពលោកបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក-អគ្គនាយក ប៊ែលធី គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ។

ក្នុងពិធីនេះ ក៏មានការចូលរួមពីភ្ញៀវកិត្តិយស ថ្នាក់ដឹកនាំ ព្រឹទ្ធបុរស ព្រឹទ្ធបុរសរង បុគ្គលិក សាស្ត្រាចារ្យ និងសិស្ស-និស្សិត សរុបចំនួន ១,០៥៤នាក់។

លោក លី ណាវុឌ្ឍ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានឲ្យដឹងថា សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ មាន២ទីតាំង នៅរាជធានីភ្នំពេញ៖ ទីតាំងទី១ (ទួលស្លែង) និងទីតាំងទី២ (ស្ពានអាកាសចោមចៅ) ដែលកំពុងដំណើរការកម្មវិធី២ធំៗ (កម្មវិធីសិក្សាជា ភាសាជាតិ National Program និងកម្មវិធីសិក្សាអន្តរជាតិ International Program) មាន១២ មហាវិទ្យាល័យ និង ៤២ជំនាញ។

បច្ចុប្បន្នសាកលវិទ្យាល័យមាននិស្សិតកំពុងសិក្សាជាង ៣,២០០នាក់ និងមានកម្រិតសិក្សាធំៗ ចំនួន៥រួមមាន៖

*ទី១៖ ថ្នាក់បំប៉នភាសាអង់គ្លេស និងកុំព្យូទ័រ (Intensive Courses, English & Computer)
*ទី២៖ ថ្នាក់បរិញ្ញាបត្ររង (Associate Degree)
*ទី៣៖ ថ្នាក់បរិញ្ញាបត្រ (Bachelor’s Degree)
*ទី៤៖ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (Master’s Degree)
*ទី៥៖ ថ្នាក់បណ្ឌិត (Doctoral Degree)។

លោកបណ្ឌិត បាក់ អុកស៊ូ ស្ថាបនិកអង្គការ IYF បានលើកឡើងថា លោកពិតជាមានក្តីរំភើបសប្បាយរីករាយណាស់ដែលបានទទួលសញ្ញាបត្របណ្ឌិតកិតិ្តយស ពីសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដែលជាសាកលវិទ្យាល័យមួយ ដែលមានកម្មវិធីសិក្សា និងមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ហើយជាគ្រឹះស្ថានអប់រំឯកជនមួយ ដែលមានកេរិ៍តឈ្មោះល្អ និងឈានមុខគេនៅកម្ពុជា។

ជាមួយគ្នានោះ លោកបណ្ឌិត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ សិស្ស-និស្សិតទាំងអស់នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ជាពិសេសលោកបណ្ឌិត លី ឆេង ដែលជាប្រធានក្រុមប្រឹក្សាភិបាល។

ក្នុងឱកាសនោះ លោកបណ្ឌិត លី ឆេង បានលើកឡើងថា លោកបណ្ឌិត បាក់ អុកស៊ូ ស្ថាបនិកអង្គការ IYF ដែលជាឥស្សរជនជាន់ខ្ពស់ និងជាថ្នាក់ដឹកនាំដ៏ឆ្នើមមួយរូបដែលបានលះបង់កម្លាំងកាយចិត្ត និងពេលវេលាផ្ទាល់ខ្លួនស្ទើរពេញមួយជីវិត ក្នុងការចែករំលែកចំណេះដឹង អប់រំចិត្ត និងការខិតខំប្រឹងប្រែងដើម្បីបុព្វហេតុអប់រំយុវជនជំនាន់ក្រោយទាំង យុវជនកម្ពុជា និងយុវជនជុំវិញពិភពលោក ជាពិសេសលើវិស័យអប់រំ និងភាពជាអ្នកដឹកនាំ ដែលមានតម្លៃជាសកល និងមិនអាចកាត់ថ្លៃបាន។

ដោយមើលឃើញពីស្នាដៃ ការលះបង់យ៉ាងធំធេង និងគុណសម្បត្តិជាច្រើនទាំងអស់នេះ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានសម្រេចប្រគល់សញ្ញាបត្របណ្ឌិតកិតិ្តយសផ្នែក «រដ្ឋបាលអប់រំ និងភាពជាអ្នកដឹកនាំ (Honorary Doctorate Degree in Educational Administration and Leadership)» ជូនលោកបណ្ឌិត បាក់ អុកស៊ូ ចាប់ពីពេលនេះតទៅ។

លោកបណ្ឌិត លី ឆេង បានបន្ថែមថា សញ្ញាបត្របណ្ឌិតកិត្តិយសនេះ សាកលវិទ្យាល័យផ្ដល់ជូនដល់ឥស្សរជនជាន់ខ្ពស់ ឬបុគ្គលឆ្នើមជាតិ-អន្តរជាតិ ដែលមានការទទួលស្គាល់ពិសេសទៅលើសមិទ្ធផលសំខាន់ៗ លើមុខជំនាញដែលខ្លួនមាន ឬសកម្មភាពដែលស្របតាមបេសកម្មរបស់សាកលវិទ្យាល័យ ហើយត្រូវឆ្លងកាត់ការពិនិត្យវាយតម្លៃយ៉ាងហ្មត់ចត់ពីគណៈកម្មការក្រុមប្រឹក្សាវិទ្យាសាស្រ្តនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ។

ជាទីបញ្ចប់ លោកបណ្ឌិត លី ឆេង បានប្រគល់សញ្ញាបត្របណ្ឌិតកិតិ្តយសជូន លោកបណ្ឌិត បាក់ អុកស៊ូ និងបានថតរូបជាអនុស្សាវរីយ៍ផងដែរ៕