(ភ្នំពេញ)៖ ក្រុមហ៊ុន លី ហួរ លីស៊ីង បានបដិសន្ធិ និងរីកចម្រើនទៅមុខ ដោយចាប់ផ្តើមបង្កើតតាំងពីឆ្នាំ២០១៥ ហើយក្រុមហ៊ុនបានបន្តការអភិវឌ្ឍខ្លួនទៅមុខជានិច្ច រហូតមកដល់ពេលនេះគឺគម្រប់ខួប៧ឆ្នាំ ដែលត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២។
ក្រុមហ៊ុនបានរៀបចំកម្មវិធីដ៏វិសេសវិសាល ដើម្បីអបអរសាទរខួប៧ឆ្នាំ ហើយជាការដែលយើងបានជួបជុំបុគ្គលិកទាំងអស់ ដើម្បីបង្កបរិយាកាសរីករាយសម្រាប់ក្រុមការងាររបស់យើង ក៏ដូចជាបង្កើននូវចំណងសាមគ្គីរវាងគ្នា និងគ្នា ក្នុងការបំពេញការងារឱ្យកាន់តែល្អប្រសើរ។
ក្នុងកម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោកទេសរដ្ឋមន្រ្តី លី ធុជ ហើយលោកបានកោតសរសើរដល់ការអភិវឌ្ឍនិងរីកចម្រើន នៃក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី និងក្រុមហ៊ុនជាបុត្រសម្ព័ន្ធផ្សេងៗទៀត តាំងពីកកើតដំបូងរហូត ដល់ពេលបច្ចុប្បន្ននេះ។
អ្នកឧកញ៉ា លី ហួរ បានបញ្ជាក់ថា «បុគ្គលិកទាំងអស់ត្រូវធ្វើអោយបានច្រើនជាងនិយាយ ទើបទទួលបានលទ្ធផលការងារល្អ»។
អ្នកឧកញ៉ា ក៏បានសំដែងការកោតសរសើរចំពោះថ្នាក់ដឹកនាំនិងបុគ្គលិកទាំងអស់ ដែលចេះសាមគ្គីគ្នា និងពង្រឹងសមត្ថភាពដើម្បីអភិវឌ្ឍន៍ក្រុមហ៊ុនអោយកាន់តែរីកចម្រើនទៅមុខ។
ឱកាសនោះ លោកឧកញ៉ា លី សុភ័ក្ត ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី បានថ្លែងអំណរគុណដល់អ្នកឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា ដែលជាភ្ញៀវកិត្តិយស និងបុគ្គលិកទាំងអស់ ដែលបានចូលរួមក្នុងទិវាដ៏វិសេសវិសាល ជួបជុំគ្នាអបអរសារទរចំពោះការចាប់បដិសន្ធិ និងភាពរីកចម្រើនទៅមុខ នៃក្រុមហ៊ុនអស់រយៈពេល៧ឆ្នាំសម្រាប់ក្រុមហ៊ុន Tepi Agro, ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី, ក្រុមហ៊ុន City Link, និងរយៈពេល១ឆ្នាំ សម្រាប់ក្រុមហ៊ុន អចលនទ្រព្យ បូរ៉ាទីណូ។
សូមបញ្ជាក់ថា ក្នុងកម្មវិធីទាំងមូល នាយិកាប្រតិបត្តិ និងនាយកប្រតិបត្តិ នៃក្រុមហ៊ុនបុត្រសម្ព័ន្ធនិមួយៗ បានបង្ហាញពីការតាំងចិត្តចូលរួមសហការគ្នាយ៉ាងរឹងមាំ ដើម្បីអភិវឌ្ឍក្រុមហ៊ុននិមួយៗ អោយមានការរីកចម្រើនទៅមុខជាដរាប។
ឱកាសនោះ យើងសង្កេតឃើញថា ភ្ញៀវកិត្តិយស ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ដែលចូលរួមក្នុងកម្មវិធីទាំងមូល មានភាពសប្បាយរីករាយ និងចូលរួមអបអរសាទរខួប ៧ឆ្នំារបស់ ក្រុមហ៊ុន Tepi Agro, ជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ធ ដូចជាក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី, ក្រុមហ៊ុន City Link, និងរយៈពេល១ឆ្នាំសម្រាប់ក្រុមហ៊ុន អចលនទ្រព្យ បូរ៉ាទីណូ៕