(បរទេស)៖ YouTube ទំនងជាប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំងពីបណ្តាញសង្គម TikTok ដោយថ្មីៗនេះបានបង្ហាញផ្លូវថ្មីដល់ Creator ថាខ្លួននឹងបើកឱ្យរកលុយតាមរយៈវីដេអូខ្លី «Short»។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២។

សេវាកម្ម Streaming ដែលគ្រប់គ្រងដោយ Google បានប្រកាសបង្ហាញនៅថ្ងៃអង្គារថា ខ្លួននឹងណែនាំការផ្សាយពាណិជ្ជកម្មលើមុខងារវីដេអូខ្លីៗរបស់ខ្លួន ហើយក្នុងនោះ Google បានគូសបញ្ជាក់ថានឹងផ្តល់ឱ្យ Creator ចំនួន ៤៥ភាគរយនៃប្រាក់ចំណូល។ តែយ៉ាងណាបើធៀបទៅនឹងវីដេអូស្តង់ដារដែល YouTube បើកឱ្យរកលុយបច្ចុប្បន្នគឺមានប្រហែល ៥៥ភាគរយនៃប្រាក់ចំណូល ខណៈដែល TikTok វិញផ្តល់មូនិធិសរុបខ្ទង់ ១ពាន់លានដុល្លារសម្រាប់ទូទាត់ឱ្យ Creator។

ចំពោះព័ត៌មានលម្អិតទាក់ទិននឹងការបើកឱ្យ Creator រកលុយតាមរយៈវីដេអូខ្លីៗនេះ YouTube មិនទាន់ចេញមុខបញ្ជាក់លម្អិតណានោះឡើយ ហើយក៏មិនទាន់ទទួលព័ត៌មានថា ប្រទេសណានឹងទទួលបានឪកាសនេះដំបូងគេទេ។

គួរបញ្ជាក់ដែរថា គ្រាន់តែចំណូលពីការលក់ការផ្សាយពាណិជ្ជកម្មតាម YouTube ក្នុងឆមាសទីមួយនៃឆ្នាំនេះ Google រកចំណូលបានខ្ទង់ ១៤.២ពាន់លានដុល្លារ ដែលកើនឡើងខ្ទង់ ៩ភាគរយ បើធៀបនឹងឆ្នាំមុន៕