(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងធ្វើការប្រកួតមិត្តភាពអន្ដរជាតិ ជាមួយក្រុមជម្រើសជាតិបង់ក្លាដែស នាវេលាម៉ោង ៧យប់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ នេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ។ ជុំវិញការប្រកួតនេះ គ្រូបង្វឹកក្រុមទាំងពីរ បានបង្ហាញពីការត្រៀមខ្លួនរួចរាល់ ដើម្បីជួបគ្នាយប់នេះ ។

លោក Ryu Hirose គ្រូបង្វឹកក្រុមគោព្រៃកម្ពុជា បានថ្លែងក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួតថា ក្រុមរបស់ខ្លួន កំពុងស្រេចកឃ្លានជ័យជម្នះ ។ តែយ៉ាងណាការប្រកួតនេះ ក៏មិនមែនជាការប្រកួតងាយស្រួលនោះទេ តែវាជាកត្ដាកិច្ចរបស់កីឡាករម្នាក់ៗ ដើម្បីស្វែងរកជ័យជម្នះលើទឹកដីរបស់ខ្លួន ។

គ្រូបង្វឹកជនជាតិជប៉ុនដដែលបានសង្កត់ធ្ងន់ថា «ទោះបីជាការប្រមូលផ្ដុំលើកនេះ មិនសូវមានកីឡាករ ដែលមានបទពិសោធន៍លេងឲ្យក្រុមជម្រើសជាតិឈុតធំច្រើនដូចមុន តែក្រុមរបស់ពួកយើង នឹងលេងដោយមានទំនុកចិត្តខ្ពស់ និងលេងឲ្យអស់ពីសមត្ថភាព»

ដោយឡែកលោក Javier Fernadez Cabrera Martin គ្រូបង្វឹកក្រុមជម្រើសជាតិបង់ក្លាដែស បានកោតសរសើរកម្ពុជា ចំពោះការត្រៀមខ្លួនយ៉ាងល្អ ដើម្បីស្វាគមន៍ក្រុមខ្លួន ។ លោកថា «យើងយល់ឃើញថា កម្ពុជាបានរៀបចំទទួលក្រុមរបស់យើងបានល្អបំផុត ដែលវាជាកត្ដាសំខាន់ សម្រាប់កីឡាករមានភាពងាយស្រួលក្នុងការត្រៀមសម្រាប់ការប្រកួតថ្ងៃនេះ»

លោកបន្ដថា «ដូច្នេះការប្រកួតយប់នេះ ពួកយើងមានកម្លាំងកាយ និងកម្លាំងចិត្ត ដើម្បីធ្វើការប្រកួតឲ្យបានល្អបំផុត ហើយយើងមកទីនេះ ដើម្បីបង្ហាញឲ្យអ្នកទាំងអស់គ្នាបានឃើញពីជ័យជម្នះរបស់ពួកយើង»

គួរដឹងថា ក្រុមទាំងពីរ ធ្លាប់ជួបគ្នានៅរាជធានីភ្នំពេញម្ដងរួចមកហើយ មុនផ្ទុះជំងឺរាតត្បាតជាសកលកូវីដ-១៩ កាលពីដើមឆ្នាំ២០១៩ ដោយកាលនោះ កម្ពុជា បានចាញ់ក្រុមភ្ញៀវបង់ក្លាដែស ដោយលទ្ធផល ១-០ នៅចុងម៉ោង នៅពហុកីឡដ្ឋានជាតិអូឡាំពិក ៕