(បរទេស)៖ ក្រុមហ៊ុន Vivo ធ្លាប់បានដាក់បង្ហាញស្មាតហ្វូនត្រកូល X Fold ដែលអាចបត់បានរបស់ខ្លួនកាលពីខែមេសាកន្លងទៅរួចទៅហើយ ប៉ុន្តែរបាយកាណ៍ថ្មីនេះបានបង្ហាញថា Vivo គ្រោងនឹងបើកព្រឹត្តិការណ៍ប្រកាសចេញម៉ូដែល «Plus» ថ្មីនៅសប្តាហ៍ក្រោយនេះបន្ថែមទៀតដែលចាប់ផ្តើមនៅថ្ងៃទី២៦ ខែកញ្ញា។ ខណៈព្រឹត្តិការណ៍នោះនឹងត្រូវបានធ្វើឡើងក្នុងប្រទេសចិនដែលនឹងចាប់ផ្តើម៉ោង ៦ល្ងាច នៅកម្ពុជា។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២។

តាមរយៈការចែករំលែករូបភាពមួយសន្លឹកថ្មីរបស់ Vivo បានបង្ហាញពីការឌីហ្សាញស្មាតហ្វូនថ្មីរបស់ខ្លួនដែលគ្រោងប្រកាសចេញនៅអំឡុងប៉ុន្មានថ្ងៃខាងមុខនេះ ហើយក្នុងនោះ Vivo បានគូសបញ្ជាក់ថាវាជា ម៉ូដែល «Plus» ដែលឈ្មោះរបស់វាគឺ «X Fold+» ដោយវាមានស៊េរីខ្ពស់ជាងជំនាន់ «X Fold» ដែលទើបប្រកាសបង្ហាញហ្នឹងឯង។ យ៉ាងណាមិញចំពោះរូបរាង Vivo X Fold Plus ដែល Vivo បានចែករំលែកនោះ វាមានរូបរាងស្រដៀងគ្នាទៅនឹង Vivo X Fold ដែល ប៉ុន្តែជំនាន់ថ្មីនេះនឹងចេញមកជាមួយពណ៌ក្រហមបន្ថែមមួយពណ៌ទៀត ខណៈត្រកូលមុនមានតែ ២ពណ៌ប៉ុណ្ណោះគឺ ពណ៌ខ្មៅ និង ខៀវ។

តែយ៉ាងណា Vivo មិនទាន់ធ្វើការបញ្ជាក់លម្អិតអំពីត្រកូល X Fold Plus នៅឡើយទេ ដោយគ្រាន់តែគេរំពឹងថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងត្រូវបានបំពាក់ដោយបន្ទះឈីប Snapdragon 8+ Gen 1 SOC រួមជាមួយនឹងកម្លាំងថ្មរហូតដល់ទៅ 4,730 mAh និងគាំទ្រជាមួយការសាកឥតខ្សែ 80W និង 50W ថែមទៀតផង។ ដោយឡែកប្រភពពី AnTuTu បានអះអាងថា X Fold Plus នឹងមាន RAM 12 GB, Storage ទំហំ 512GB និងអេក្រង់ទំហំ 120Hz ឯណោះ។

គួរបញ្ជាក់ដែរថា ក្រៅពីបន្ទះឈីបថ្មី កម្លាំងថ្មខ្លាំងជាងមុន ការសាកថ្មលឿនជាងមុន និងពណ៌ថ្មីហើយនោះ Vivo X Fold Plus ត្រូវបានគេរំពឹងថា នឹងដូចគ្នាស្ទើតែទាំងស្រុងទៅនឹង X Fold ដែរ។ ដូច្នេះប្រសិនបើចង់ដឹងពណ៌មានលម្អិតពីសា្មតហ្វូនជំនាន់ក្រោយនេះ រង់ចាំមើលព្រឹត្តិការណ៍នៅថ្ងៃទី២៦ ខែកញ្ញា ខាងមុខនេះទាំងអស់គ្នា៕