(ភ្នំពេញ)៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានទទួលពានរង្វាន់ «ហិរញ្ញប្បទានសហគ្រាសធុនតូច និងមធ្យមសកលលោក ឆ្នាំ២០២២ ជា ស្ថាប័នដែលផ្តល់ហិរញ្ញប្បទាន ដល់សហគ្រាសធុនតូច និងមធ្យមប្រចាំឆ្នាំ» ក្នុងវេទិកាហិរញ្ញប្បទានសហគ្រាសធុនតូច និងមធ្យមសកលលោក លើកទី៩ ដែលប្រព្រឹត្តិទៅពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ដែលរៀបចំឡើងដោយស្ថាប័នសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) និងសហការរៀបចំដោយធនាគារជាតិនៃកម្ពុជា ក្នុងគោលបំណងពង្រីកនូវលទ្ធភាពទទួលបានហិរញ្ញប្បទាន សម្រាប់សហគ្រាសធុនតូច និងមធ្យមទូទាំងសកលលោក។

ធនាគារ អេស៊ីលីដា ភីអិលស៊ី មានមោទនភាពយ៉ាងក្រៃលែង ដែលបានទទួលពានរង្វាន់ «ហិរញ្ញប្បទានសហគ្រាសធុនតូច និងមធ្យមសកលលោក ឆ្នាំ២០២២ ជាស្ថាប័នដែលផ្តល់ហិរញ្ញប្បទានដល់សហគ្រាសធុនតូច និងមធ្យម ប្រចាំឆ្នាំ»។ ទាំងនេះសបញ្ជាក់ថា ធនាគារបានខិតខំប្រឹងប្រែង ក្នុងការផ្តល់ហិរញ្ញប្បទានដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។

លើសពីនេះទៅទៀត សមិទ្ធផលនេះ ជាការបង្ហាញពីកំណើនឥណទានដល់សហគ្រាសធុនតូច និងមធ្យម របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ក្នុងរយៈពេលច្រើនឆ្នាំកន្លងមកនេះ ព្រមទាំងការបម្រើផលិតផល សេវាកម្មផ្សេងទៀត សម្រាប់សហគ្រាសធុនតូច និងមធ្យម ផងដែរ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី ផ្តល់ជូននូវផលិតផល និងសេវាកម្មដ៏សម្បូរបែប ដើម្បីបំពេញតម្រូវការលើគ្រប់វិស័យដែលកំពុង រីកចម្រើន រួមមានសហគ្រាសធុនតូច និងមធ្យម និងអតិថិជនសាជីវកម្ម។

ធនាគារ អេស៊ីលីដា បានផ្តល់ឥណទានដល់សហគ្រាសធុនតូច និងមធ្យមប្រមាណ ៨០% នៃប្រាក់កម្ចីសរុបរបស់ធនាគារ។ ឥណទានសរុបរបស់ធនាគារ សម្រាប់សហគ្រាសធុនតូច និងមធ្យម បានកើនឡើងពី ៣,០៣ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៩ ដល់ ៣,៥៣ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២០ ហើយបន្ទាប់មកកើនឡើងដល់ ៤,២៤ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២១៕