(បរទេស)៖ ផលិតផលរបស់ Apple ស្ទើរតែផលិតទាំងស្រុងនៅក្នុងប្រទេសចិន ប៉ុន្តែថ្មីៗនេះ Apple គ្រោងនឹងផ្លាស់ប្តូរខ្សែសង្វាក់ផលិតកម្មរបស់ខ្លួនមួយផ្នែកធំទៅប្រទេសឥណ្ឌាជំនួសវិញ។ ពោលគឺ Apple មានបំណងផ្លាស់ប្តូរប្រមាណ ២៥ភាគរយនៃផលិតកម្ម iPhone ទូទាំងពិភពលោកទៅកាន់ប្រទេសឥណ្ឌា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២។

យោងតាមខ្លឹមសារចេញផ្សាយដោយ Reuters ដែលបានដកស្រង់របាយការណ៍របស់អ្នកវិភាគនៅ J.P.Morgan បានអះអាងថា ក្រុមហ៊ុន Apple កំពុងតែគិតគូរអំពីការផ្លាស់ប្តូរផលិតកម្មប្រមាណ ២៥ភាគរយ នៃផលិតកម្ម iPhone គ្រប់ទីផ្សារទាំងអស់នៅទូទាំងពិភពលោក ជាពិសេសគឺទីផ្សារប្រទេសចិនដែលនឹងត្រូវបានប្តូរទៅកាន់ប្រទេសឥណ្ឌានៅឆ្នាំ២០២៥ ខាងមុខ ។ ខណៈបច្ចុប្បន្ននេះក្នុងទីផ្សារប្រទេសឥណ្ឌាមានប្រមាណ ៥ភាគរយប៉ុណ្ណោះនៃផលិតកម្ម iPhone។

លើសពីនេះទៅទៀត Apple មិនត្រឹមតែផ្លាស់ប្តូរតែផលិតកម្ម iPhone ប៉ុណ្ណោះទេ តាមរយៈរបាយកាណ៍ក៏បានអះអាងដែរថា ប្រហែល ២៥ភាគរយនៃផលិតផល Apple សរុបទាំងអស់ដែលនឹងផ្លាស់ប្តូរក្នុងនោះមានដូចជា iPad, Apple Watches, AirPods និង Macs ផងដែរ។

គួរបញ្ជាក់ដែរថា Apple មិនមែនទើបតែឈានជើងចូលទីផ្សារប្រទេសឥណ្ឌានោះទេ ខណៈ Apple បានចាប់ផ្តើមផលិត iPhone ជាលើកដំបូងជាមួយម៉ូដែល SE ចាប់តាំងពីឆ្នាំ២០១៧ មកម្លេះ។ ហើយសូម្បីតែម៉ូដែល iPhone 13 ឆ្នាំមុនក៏ Apple ផលិតនៅប្រទេសឥណ្ឌាផងដែរ ដែលបង្កើតបានជាប្រាក់ចំណេញយ៉ាងច្រើនទ្វេដង៕