(ភ្នំពេញ)៖ មជ្ឈមណ្ឌលបញ្ជូនសិស្សានុសិស្សទៅសិក្សានៅក្រៅប្រទេស ស្ព្រីងប៊ត ៤អ៉ីឌ្យូខេសិន ខេមបូឌា និងសាលារៀនអន្តរជាតិទ្រូវីហ្សិនកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នាផ្តល់សិទ្ធិជាមជ្ឈមណ្ឌលធ្វើតេស្ត Cambridge Assessment English និងបញ្ជូនសិស្សានុសិស្សបន្តការសិក្សានៅប្រទេស។

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខាដោយលោក ខូលីន ក្លាស (Mr. Collin Glass) ជាស្ថាបនិកនៃស្ថាប័ន ស្ព្រីងប៊ត ៤អ៉ីឌ្យូខេសិន ខេមបូឌា និងលោកស្រី លីនដា (Ms. Linda Anne Eves), នាយិកាអន្តរជាតិនៃសាលារៀនអន្តរជាតិទ្រូវីហ្សិនកម្ពុជា នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ម្សិលមិញ។

គោលបំណង នៃអនុស្សរណៈនៃការយោគយល់គ្នានេះ ដើម្បីសម្រេចនូវគោលដៅរួមក្នុងការពង្រឹងនូវគុណភាពការសិក្សាផ្នែកភាសាអង់គ្លេស ដែលនឹងនាំមកជូនសិស្សានុសិស្សទាំងអស់នូវការប្រឡងភាសាអង់គ្លេសអន្តរជាតិ Cambridge Assessment English រួមជាមួយនឹងការផ្សារភ្ជាប់វិស័យអប់រំនៅក្នុងប្រទេសកម្ពុជា និងបរទេសផងដែរ។

កិច្ចសហប្រតិបត្តិការនេះទៀតសោតក៏នឹងផ្តោតទៅលើការលើកទឹកចិត្តដល់សិស្សានុសិស្សនៅក្នុងប្រទេសកម្ពុជាផ្ទាល់ ដែលមានចំណាប់អារម្មណ៍ ទៅលើការបន្តការសិក្សាទៅក្រៅប្រទេស រួមទាំងអាណាព្យាបាលដើម្បីទទួលបានព័ត៌មានបន្ថែមមួយផ្នែកនៅក្នុងវិស័យអប់រំឱ្យសមស្របទៅនឹងបរិបទក្នុងការរស់នៅ និងសិក្សាក្នុងសតវត្សរ៍ទី២១នេះ។

SpringBoard4Education (ស្រ្ពីងប៊ត៤ អេឌូខេសិន) ជាស្ថាប័ននាំមុខមួយដែលជាដៃគូសហការណ៍ជាមួយតំណាងសាលា និងសាកលវិទ្យាល័យជាង២៥០ ក្នុងប្រទេសធំៗទាំង៦ដូចជា៖ ចក្រភពអង់គ្លេស អូស្រ្តាលី អាមេរិច កាណាដា ណូវែលសេឡង់ និងសិង្ហបូរី។ ស្រ្ពីងប៊ត ជួយសិស្ស និស្សិតដើម្បីបន្តការសិក្សានៅប្រទេសទាំងនោះដោយមិនគិតថ្លៃសេវាកម្មតាំងដើមរហូតដល់ចប់ ក្នុងការផ្តល់នូវការប្រឹក្សាចំពោះ សិស្សនិស្សិត និងមាតាបិតា ជួយរៀបចំឯកសារ ដាក់ពាក្យសិក្សា និងស្នើរសុំទិដ្ឋាការសិក្សា រួមជាមួយការស្នើរសុំទិដ្ឋាការសម្រាប់អាណាព្យាបាលការស្វែងរកកន្លែងស្នាក់នៅ និងការណែនាំមុនពេលចេញទៅសិក្សាផងដែរ។

គូសបញ្ជាក់ថាកម្មវិធីប្រឡងភាសាអង់គ្លេស Cambridge Assessment English ជាផ្នែកមួយនៃសាកលវិទ្យាល័យ Cambridge ដែលជួយមនុស្សរាប់លាននាក់ក្នុងការសិក្សាភាសាអង់គ្លេស និងបង្ហាញសមត្ថភាពរបស់ពួកគេទៅកាន់ពិភពលោក។

លើសពីនេះទៅទៀត គុណសម្បត្តិនៃកម្មវិធីប្រឡងភាសាអង់គ្លេស Cambridge Assessment English គឺជាការប្រឡងភាសាអង់គ្លេសស៊ីជម្រៅដែលជំរុញឱ្យកម្រិតភាសាអង់គ្លេសកាន់តែមានប្រសិទ្ធិភាព និងមានការរីកចម្រើនក្នុងការអប់រំទូទៅ ថ្នាក់ឧត្តមសិក្សា និងផ្នែកអាជីវកម្ម៕