(ភ្នំពេញ)៖ កម្ពុជាហាក់ឈានដល់ដំណាក់កាលចុងក្រោយ នៃការរៀបចំខ្លួន ត្រៀមធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ហើយ ខណៈសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានដាស់តឿនដល់គណៈកម្មការជំនាញ និងគ្រប់ភាគីពាក់ព័ន្ធឲ្យរួមគ្នាខិតខំធ្វើការ និងទទួលខុសត្រូវ ចំពោះបេសកកម្មរបស់រាជរដ្ឋាភិបាល ដែលប្រគល់ជូនដល់គណៈកម្មាធិការជាតិ CAMSOC នេះ។

នេះបើតាមការគូសបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC ក្រោយបញ្ចប់កិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារ ៩ខែដើមឆ្នាំ២០២២ និងទិសដៅយុទ្ធសាស្រ្ដសំខាន់ៗអនុវត្តបន្ដ ក៏ដូចជាដោះស្រាយបញ្ហាប្រឈមនានា ដែលពាក់ព័ន្ធនឹងដំណើរការនៃការត្រៀមលក្ខណៈធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រ នាឆ្នាំ២០២៣ ដែលធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចពិជ័យសេនា ទៀ បាញ់ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ នេះនៅទីស្ដីការក្រសួងការពារជាតិ។

លោកបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ កិច្ចប្រជុំបានដំណើរការដោយរលូន និងទទួលបានជោគជ័យ ដែលជាសក្ខីភាពធានាបាននូវសុវត្ថិភាព ក្នុងការដឹកនាំគ្រប់គ្រងដំណើរឆ្ពោះទៅរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ លើសពីនេះ សម្ដេចពិជ័យសេនា ក៏បានផ្ដល់អនុសាសន៍សំខាន់ៗមួយចំនួន ដើម្បីជំរុញព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះឲ្យទទួលបានជោគជ័យផងដែរ រួមមាន៖

-សម្ដេចបានជំរុញឲ្យរាជធានី-ខេត្ត ដែលជារដ្ឋបាលដែនដីទទួលបន្ទុលគាំទ្រដល់ស៊ីហ្គេម ត្រូវរៀបចំជាក់លាក់អំពីការទទួលខុសត្រូវរបស់រាជធានី-ខេត្ត និងរៀបចំអ្នកទទួលខុសត្រូវជាអភិបាលរងម្នាក់ ដើម្បីធ្វើការជាមួយគណៈកម្មាធិការជាតិ CAMSOC ឲ្យមានភាពច្បាស់លាស់ ហើយទទួលបាននូវការទទួលខុសត្រូវ និងបំពេញបានតាមភារកិច្ចការងារ ដែលគណៈកម្មាធិការជាតិ CAMSOC បំផុសឲ្យមានយុទ្ធនាការជាតិទូទាំងប្រទេស។

-សម្ដេចមានប្រសាសន៍សង្កត់ធ្ងន់ ទៅលើការងារប្រមូលផ្ដុំកម្លាំ ងមកធ្វើការក្នុងមជ្ឈមណ្ឌលប្រតិបត្តិការរួម ដែលគ្រោងបើកដំណើរការនាដើមខែវិច្ឆិកា នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ យើងដឹងហើយ CAMSOC បានប្រមូលកម្លាំងមកពីក្រសួង-ស្ថាប័នទាំងអស់ និងតាមអង្គភាពមួយចំនួន មកធ្វើការរួមគ្នា។ អ៊ីចឹងអ្នកទាំងអស់ ត្រូវប្រមូលផ្ដុំគ្នា និងទទួលសិទ្ធច្បាស់លាស់ពីក្រសួងរបស់ខ្លួន សម្រាប់រយៈពេល ៦-៧ខែ មកធ្វើជាមួយគ្នា សម្រេចជាមួយគ្នា និងអនុវត្តជាមួយគ្នា។ នេះគឺជាប្រសិទ្ធភាព នៃការធានាបាននូវការដឹកនាំគ្រប់គ្រងព្រឹត្តិការណ៍ឲ្យទទួលបានជោគជ័យ។

-ការរៀបចំឲ្យមានយន្ដការច្បាស់លាស់លើការងារថវិកា ទាំងការចំណាយ និងចំណូល ត្រូវមានការស្នើសុំគម្រោង និងមានកិច្ចសន្យាទាំងអស់ ពិសេសត្រូវមានការផ្ទៀងផ្ទាត់ពីគុណភាព និងផលិតផលត្រឹមត្រូវ ដើម្បីជាគោល និងធានាបាននូវតម្លាភាព គណនីយភាព សុចរិតភាព ក្នុងការប្រើប្រាស់ថវិកាជាតិ។ នេះគឺជាការដាស់តឿនក្រើនរំឮកទៅដល់គណៈកម្មការជំនាញទាំងអស់ ក៏ដូចជាស្ថានប័នទាំងអស់ថា រាល់ការចំណាយគឺត្រូវតែមានការផ្ទៀងផ្ទាល់ច្បាស់លាស់ និងភាពទទួលខុសត្រូវទាំងអស់គ្នា។

លោកបន្ដថា ក្នុងនាមអគ្គលេខាធិការ ពិសេសក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពីលោករដ្ឋមន្ដ្រី ថោង ខុន តែងតែជំរុញ និងផ្ដល់នូវគតិបណ្ឌិតល្អ ដើម្បីដោះស្រាយបញ្ហា។ ដូច្នេះថ្ងៃនេះ គឺជាថ្ងៃពិសេសមួយទៀតរបស់ CAMSOC ដែលស្ដែងចេញនូវសមិទ្ធផលការងាររបស់ខ្លួន ហើយបានដោះស្រាយរាល់បញ្ហាដែលនៅសល់ពាក់ព័ន្ធនឹងការរាំងស្ទះរបស់ CAMSOC យ៉ាងរលូន ហើយមានឆន្ទៈទាំងអស់គ្នា ក្នុងការរួមជាមួយការដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបទៅដោយគុណធម៌របស់សម្ដេចពិជ័យសេនា ទៀ បាញ់ ដើម្បីទទួលបានជោគជ័យ ក្នុងដំណើរវិឌ្ឍន៍ នៃដំណាក់កាលចុងក្រោយ។

«យើងហាក់បីដូចជាឈានដល់ដំណាក់កាលចុងក្រោយ នៃការរៀបចំហើយ។ ចឹងអ្វីៗត្រូវតែរួចរាល់ ដើម្បីផ្ដល់នូវទំនុកចិត្ដដល់ការទទួលបដិសណ្ឋារកិច្ចប្រតិភូកីឡាទាំងអស់ ដែលមកពីគ្រប់ទិសទី មិនត្រឹមបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ទេ គឺមកពីប្រទេសគ្រប់ទ្វីបទាំងអស់ ដែលនឹងមកជួយរៀបចំនេះ ពិសេសការដាក់ចេញនូវយុទ្ធនាការទាំង ៥ សម្ដេចពិជ័យសេនាបានជំរុញឲ្យសម្រេចឲ្យខានតែបាន គឺមានយុទ្ធនាការកម្ពុជាស្អាត បដិសណ្ឋារកិច្ចល្អ, យុទ្ធនាការប្រជាជនម្នាក់លេងកីឡាមួយមុខប្រចាំជីវិត, យុទ្ធនាការកីឡារស់ក្នុងសន្ដិភាព, យុទ្ធនាការឆ្នាំទស្សនាកម្ពុជា ២០២៣, យុទ្ធនាការកាត់បន្ថយគ្រោះថ្នាក់ចរាចរ និងកាត់បន្ថយគ្រឿងញៀន»។ លោក វ៉ាត់ ចំរើន បញ្ជាក់បន្ថែម៕