(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla កំពុងប្រកាសពីភាគជោគជ័យដល់ធំបំផុតរបស់ខ្លួនបន្ទាប់ពីបញ្ចប់ការសាងសង់រោងចក្រ «Shanghai Giga Factory» ជាផ្លូវការ ហើយឥលូវនេះកំពុងបោះជំហានកាន់តែខ្លាំងក្នុងការផលិតច្រើនជាងមុនទ្វេដង។ ជាលទ្ធផល Tesla ទើបតែកាត់បន្ថយពេលវេលារង់ចាំសម្រាប់ Model 3 និង Model Y កាលពីពេលថ្មីៗនេះ។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន ArenaEV នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២។

យោងតាមខ្លឹមសារចេញផ្សាយបានឱ្យដឹងថា Giga Shanghai គឺជាមជ្ឈមណ្ឌលនាំចេញរថយន្តដ៏ធំបំផុតរបស់ Tesla ហើយក៏ជាផ្ទះដែលផលិតរថយន្តអគ្គិសនី Model 3 និង Model Y ដែលដាក់លក់ឱ្យអតិថិជននៅទូទាំងពិភពលោកផងដែរ។ ជាមួយនឹងភាពជោគជ័យថ្មីក្នុងការដំឡើងខ្សែសង្វាក់ផលិតកម្មដែលត្រូវបានបញ្ចប់ជាផ្លូវការនាពេលថ្មីៗនេះ Tesla មានបំណងផលិតរថយន្តឱ្យបានចំនួន ២២,០០០គ្រឿងជារៀងរាល់សប្តាហ៍ ពោលគឺផលិតលើសពី ៣,០០០គ្រឿងក្នុងមួយថ្ងៃ ឬអាចឈានដល់ ១២៥ក្នុងមួយម៉ោងថែមទៀតផង។

យ៉ាងណាមិញនៅពេលដែលរោងចក្រនេះត្រូវបានបំពេញបន្ថែមសមត្ថភាពគ្រប់ផ្នែកទាំងអស់ គេរំពឹងថា វានឹងឈានដល់ការផលិតរថយន្តជាមធ្យមប្រមាណ ៥,០០០គ្រឿងជារៀងរាល់ថ្ងៃ ឬចំនួន ៣,៥គ្រឿងក្នុងមួយនាទី។ តែយ៉ាងណាខ្សែផលិតកម្មថ្មីនេះ គឺកំពុងស្ថិតនៅក្នុងការសាកល្បងរហូតដល់ថ្ងៃទី៣០ ខែកញ្ញា ទើបក្រុមហ៊ុនអាចបញ្ជាក់ជាសាធារណៈថា រាល់ព័ត៌មានទាំងអស់ត្រូវបានបញ្ចប់។

បើយោងតាមរបាយការណ៍ពីសារព័ត៌មានចិន Tesla គ្រោងនឹងបោះទុនប្រមាណ ១៧០លានដុល្លារបន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពកាន់តែខ្លាំងទ្វេដងក្នុងរោងចក្រ Giga Shanghai នេះ។ លើសពីនេះទៅប្រភពបានបញ្ជាក់ដែរថា ឆាប់ៗខាងមុខនេះ Tesla នឹងចាប់ផ្តើមប្រកាសជ្រើសរើសបុគ្គលិកប្រមាណ ៤,០០០នាក់បន្ថែមទៀតដើម្បីមកធ្វើការនៅក្នុងរោងចក្រប្រទេសចិនរបស់ខ្លួន។

គួរបញ្ជាក់ដែរថា ភាពជោគជ័យទាំងនេះនៅមិនទាន់ស្កប់ចិត្តរបស់នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Tesla លោក Elon Musk នោះទេ ដោយលោកលើកឡើងថា «លោកត្រូវការរោងចក្រ 12 Giga factories បន្ថែមទៀតដើម្បីសម្រេចបាននូវគោលដៅរយៈពេលវែងរបស់លោក»