(ភ្នំពេញ)៖ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និងក្រុមហ៊ុន Berkeley Energy Commercial Industrial Solutions (BECIS) នៅថ្ងៃទី២២ ខែកញ្ញានេះ បានបើកសម្ពោធជាផ្លូវការនូវរោងចក្រថាមពលកម្តៅជីវម៉ាសធំដំបូងគេបង្អស់នៅកម្ពុជា ក្រោមអធិបតីភាពលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ថ្នាក់ដឹកនាំក្រុមហ៊ុន HEINEKEN Group ដៃគូអាជីវកម្ម សមាគមពាណិជ្ជកម្ម និងប្រព័ន្ធផ្សព្វផ្សាយ។

ការបើកសម្ពោធរោងចក្រថាមពលកម្ដៅជីវម៉ាសដែលមានទីតាំងនៅទល់មុខរោងចក្រស្រាបៀររបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុន ក្នុងការលើកកម្ពស់ពាក្យស្លោក «ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ» របស់ខ្លួន ពោលគឺជាការប្តេជ្ញាចិត្តឆ្ពោះទៅរកពិភពលោកដែលបំភាយឧស្ម័នកាបូនត្រឹមកម្រិតសូន្យ កាន់តែមានសមភាព និងភពផែនដីដែលកាន់តែប្រសើរឡើង។

រោងចក្រថាមពលកម្តៅជីវម៉ាសដែលមានតម្លៃ ៥,៨លានដុល្លារអាមេរិកនេះនឹងប្រើប្រាស់អង្កាមដែលនាំយកមកពីខេត្តព្រៃវែងដើម្បីដុតបង្កើតជាចំហាយដែលនឹងផ្គត់ផ្គង់ថាមពលកម្តៅកកើតឡើងវិញ ១០០% សម្រាប់ផ្គត់ផ្គង់ដល់រោងចក្រផលិតស្រាបៀររបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា។ តាមរយៈការផ្លាស់ប្តូរទៅប្រើប្រាស់ថាមពលកម្តៅជីវម៉ាស ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា រំពឹងថានឹងកាត់បន្ថយការបំភាយឧស្ម័នកាបូន (ឧស្ម័នកាបូនិច) ដល់ទៅ ៦០% នៅក្នុងផលិតកម្មរបស់ខ្លួន។

ពិធីសម្ពោធជាផ្លូវការនេះធ្វើឡើងក្រោមអធិបតីភាពរបស់លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា លោក Dolf van den Brink ប្រធានក្រុមប្រឹក្សាប្រតិបត្តិ និងជាអគ្គនាយកក្រុមហ៊ុន HEINEKEN Group លោក Michel de Carvalho នាយកប្រតិបត្តិក្រុមហ៊ុន Heineken Holding NV លោកស្រី Charlene L. de Carvalho-Heineken នាយកប្រតិបត្តិក្រុមហ៊ុន Heineken Holding NV លោក Jacco vander Linden ប្រធានទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិកនៃក្រុមហ៊ុន HEINEKEN Group លោក Samson Wong នាយកគ្រប់គ្រងក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និងលោក Eren Ergin អគ្គនាយកក្រុមហ៊ុន BECIS។

លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានមានប្រសាសន៍ថា «យើងត្រូវទទួលស្គាល់ការពិតមិនអាចប្រកែកបានថា សន្តិភាពនិងស្ថិរភាពនៅទូទាំងប្រទេសដែលបានវិវឌ្ឍចេញពីមនសិការ ឯកភាពជាតិ និងសមាហរណកម្មក្រោមគោលនយោបាយឈ្នះ-ឈ្នះ គឺជាកាតាលីករសម្រាប់កំណើនសេដ្ឋកិច្ច ការអភិវឌ្ឍប្រទេស និងការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជន។ ជាមួយនឹងការប្រឹងប្រែងដែលលើកឡើងខាងលើ ប្រទេសកម្ពុជាបានរីកចម្រើនពីប្រទេសមានប្រាក់ចំណូលទាបទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ហើយមានគោលដៅក្លាយជាប្រទេសមានចំប្រាក់ណូលខ្ពស់នៅឆ្នាំ២០៥០។ ដោយផ្អែកលើមូលដ្ឋានគ្រឹះដ៏មានតម្លៃនេះ កម្ពុជាអាចឈានទៅមុខមួយជំហានបន្ថែមទៀតក្នុងការពិចារណា និងដោះស្រាយបញ្ហាប្រឈមនានាដែលកើតចេញពីបញ្ហាបរិស្ថាន និងការប្រែប្រួលអាកាសធាតុ។ ថ្ងៃនេះ យើងបង្កើតឱកាសដ៏សំខាន់មួយសម្រាប់កម្ពុជាជាមួយនឹងការបើកដំណើរការរោងចក្រថាមពលជីវម៉ាសដែលទន្ទឹងរង់ចាំជាយូរមកហើយថានឹងផ្តល់ផ្លែផ្កាដល់ប្រទេសជាតិ។ យើងសូមថ្លែងអំណរគុណដល់ក្រុមហ៊ុន ហ៊ិននីគែន សម្រាប់ការបន្តជំរុញការប្តេជ្ញាចិត្តផ្នែកនិរន្តរភាពរបស់ខ្លួនក្នុងនាមជាក្រុមហ៊ុនផលិតស្រាបៀរអន្តរជាតិដ៏ធំមួយ ជាក្រុមហ៊ុនដែលមានការទទួលខុសត្រូវចំពោះសង្គម និងជាអ្នកចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។ ការវិនិយោគរបស់ក្រុមហ៊ុន ហ៊ិននីគែន គឺជាផ្តល់ទំនុកចិត្តនិងភាពជឿជាក់មកលើកម្ពុជា និងការប្តេជ្ញាចិត្តក្នុងការវិនិយោគបន្ថែមទៀតក្នុងប្រទេសកម្ពុជា។ សូមរួមគ្នាបន្តដំណើរទៅមុខទៀតដើម្បីជំរុញអនាគតដ៏រីកចម្រើន ប្រកបដោយបរិយាបន្នផ្នែកសង្គម និងប្រកបដោយនិរន្តរភាពផ្នែកបរិស្ថានសម្រាប់យើងទាំងអស់គ្នា»

លោក Dolf van den Brink ប្រធានក្រុមប្រឹក្សាប្រតិបត្តិ និងជាអគ្គនាយកក្រុមហ៊ុន HEINEKEN Group មានប្រសាសន៍ថា៖ «សម្រាប់រយៈពេលជាង ១៥៨ឆ្នាំមកនេះ និរន្តរភាពនិងការទទួលខុសត្រូវគឺជាផ្នែកមួយនៃ DNA របស់ក្រុមហ៊ុន ហ៊ិននីគែន។ យើងជាអ្នកផលិតនិងជាអ្នកធ្វើ ហើយយើងដឹងថា សកម្មភាពរបស់យើងបង្ហាញឱ្យឃើញច្បាស់ជាងពាក្យសម្ដី។ ខ្ញុំមានមោទនភាពចំពោះក្រុមការងាររបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា សម្រាប់ប្រតិបត្តិការរោងចក្រថាមពលកម្តៅជីវម៉ាសទ្រង់ទ្រាយធំនេះ ដើម្បីកាត់បន្ថយការបំភាយកាបូនរបស់យើង និងនាំ យើងឱ្យដើរឆ្ពោះទៅមុខមួយជំហានទៀតលើដំណើរផ្លូវរបស់យើងឆ្ពោះទៅរកការសម្រេចបាននូវការបំភាយកាបូនត្រឹមកម្រិតសូន្យ»

ក្រៅពីការបង្កើតការងារថ្មីនៅរោចក្រផ្ទាល់ រោងចក្រថាមពលកម្តៅជីវម៉ាសនេះក៏នឹងផ្តល់អត្ថប្រយោជន៍ដល់អ្នកដែលធ្វើការងារពាក់ព័ន្ធនឹងសង្វាក់ផលិតកម្មស្រូវផងដែរដូចជារោងម៉ាស៊ីនកិនស្រូវ និងកសិករជាដើម។ ការប្រើប្រាស់អង្កាមធ្វើជាប្រភពថាមពលកម្តៅនេះបានប្រែក្លាយកាកសំណល់កសិកម្មនិងសរីរាង្គដែលត្រូវបានបោះចោល ទៅជាប្រភពចំណូលបន្ថែមសម្រាប់សហគមន៍មូលដ្ឋាន។

លោក Samson Wong នាយកគ្រប់គ្រងក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានថ្លែងថា៖ «យើងមានឫសគល់ដ៏រឹងមាំនៅក្នុងប្រទេសកម្ពុជា ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ យើងបានបណ្តាក់ទុនរាប់រយលានដុល្លារនៅក្នុងក្រុមហ៊ុនផលិតស្រាបៀរក្នុងស្រុករបស់យើង ដែលផ្តល់ការងារដល់បុគ្គលិករាប់រយនាក់ និងផ្តល់ការងារប្រយោលនៅទូទាំងខ្សែសង្វាក់ផលិតកម្មរាប់ចាប់ពីការងារផលិតវត្ថុធាតុដើមរហូតដល់ការងារនៅតាមហាងទំនិញ។ ជាមួយនឹងការចាប់ផ្តើមដំណើរការរោងចក្រថាមពលកម្តៅជីវម៉ាសនេះ យើងសង្ឃឹមថានឹងបង្កើតឱ្យមានផលវិជ្ជមានបន្ថែមទៀត នៅក្នុងសហគមន៍ដែលយើងធ្វើការងារជាមួយ។ មហិច្ឆតា ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ របស់យើងបានបង្កប់យ៉ាងជ្រៅនៅក្នុងអាជីវកម្មរបស់យើងអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយការបើកដំណើរការរោងចក្រថាមពលថ្មីនេះបង្ហាញឱ្យឃើញថា មហិច្ឆតានេះនឹងដឹកនាំយើងឱ្យដើរឆ្ពោះទៅមុខសម្រាប់មនុស្សជាច្រើនជំនាន់ទៅមុខទៀត»

ការសាងសង់រោងចក្រថាមពលកម្តៅជីវម៉ាសនេះត្រូវបានបញ្ចប់ក្រោមការសហការជាមួយក្រុមហ៊ុន BECIS ដែលជាក្រុមហ៊ុនផ្តល់សេវាថាមពល (EaaS) ឈានមុខគេដែលមានទីស្នាក់ការកណ្តាលនៅប្រទេសសិង្ហបុរី។ កិច្ចសហការនេះធ្វើឡើងក្នុងរូបភាពជាកិច្ចព្រមព្រៀងទិញថាមពលក្នុងរយៈពេលវែង (PPA)។

លោក Eren Ergin អគ្គនាយកក្រុមហ៊ុន BECIS មានប្រសាសន៍ថា៖ «វាជាកិត្តិយសណាស់ក្នុងការចាប់ដៃគូជាមួយក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ដើម្បីនាំយកគម្រោងដ៏សំខាន់នេះមកកាន់ប្រទេសកម្ពុជា។ ការផ្លាស់ប្តូរឆ្ពោះ ទៅកាន់ការប្រើប្រាស់ថាមពលដែលមាននិរន្តរភាព នឹងជះឥទ្ធិពលយ៉ាងខ្លាំងលើការដោះស្រាយវិបត្តិអាកាសធាតុ និងកែប្រែរបៀបដែលយើងធ្វើអាជីវកម្មនិងផ្តល់ជូនអតិថិជន។ យើងជឿថា ការបង្កើតតម្លៃនិងការអភិវឌ្ឍប្រកបដោយនិរន្តរភាព គឺជាគោលដៅបំពេញបន្ថែមដែលពឹងផ្អែកគ្នាទៅវិញទៅមកយ៉ាងខ្លាំង»

ធ្វើឱ្យពិភពលោកកាន់តែប្រសើរ, ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ
នៅឆ្នាំ២០២១ ក្រុមហ៊ុន HEINEKEN Group បានបង្ហាញគោលបំណងថ្មីៗជាលក្ខណៈអន្តរជាតិ និងសម្រាប់ប្រទេសកម្ពុជា ដើម្បីឈានទៅដល់ការបំភាយឧស្ម័នសូន្យនៅក្នុងផលិតកម្មរបស់ខ្លួននៅឆ្នាំ២០៣០ និងនៅទូទាំងខ្សែសង្វាក់ផលិតកម្មទាំងមូលនៅឆ្នាំ២០៤០។ ក្រុមហ៊ុនកំពុងប្រកាន់យកវិធីសាស្រ្តផ្អែកលើវិទ្យាសាស្ត្រ ដោយធ្វើការងារយ៉ាងជិតស្និទ្ធជាមួយ Science Based Targets initiative (SBTi) ដើម្បីធ្វើឱ្យការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនមានភាពស្របតាមស្តង់ដាសកល ហើយក្រុមហ៊ុនផ្តោតលើសកម្មភាពជាក់ស្តែងដោយធ្វើការងារយ៉ាងជិតស្និទ្ធជាមួយអតិថិជន អ្នកប្រើប្រាស់ និងអ្នកផ្គត់ផ្គង់ ដើម្បីជម្រុញសេដ្ឋកិច្ចវិលជុំ។

មុននឹងបង្កើតរោងចក្រថាមពលកម្តៅជីវម៉ាសនេះ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានវិនិយោគរួចហើយ លើរោងចក្រប្រព្រឹត្តិកម្មសំណល់រាវដ៏ធំដំបូងគេបង្អស់នៅកម្ពុជា នៅរោងចក្រផលិតស្រាបៀររបស់ក្រុមហ៊ុននៅរាជធានីភ្នំពេញ។ ជីវឧស្ម័នដែលបញ្ចេញដោយរោងចក្រប្រព្រឹត្តិកម្មសំណល់រាវនេះក៏ត្រូវបានប្រើប្រាស់ជាថាមពលកម្តៅក្នុងប្រតិបត្តិការផលិតស្រាបៀររបស់ក្រុមហ៊ុនផងដែរ ក្នុងទម្រង់ជាថាមពលកកើតឡើងវិញ។ ចាប់ពីថ្ងៃនេះតទៅ ថាមពលកម្តៅដែលអាចកកើតឡើងវិញបាន ១០០% របស់ក្រុមហ៊ុន នឹងត្រូវបានផ្គត់ផ្គង់ដោយជីវឧស្ម័ន និងជីវម៉ាស។

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ត្រូវបានទទួលស្គាល់លើការប្តេជ្ញាចិត្តរបស់ខ្លួនខាងផ្នែកបរិស្ថានតាមរយៈការឈ្នះពានរង្វាន់ EuroCham CSR Environmental Award និងការឧបត្ថម្ភដល់កិច្ចប្រជុំកំពូលស្តីពីការប្រែប្រួលអាកាសធាតុនៅកម្ពុជាលើកដំបូងក្នុងឆ្នាំ២០២១។

និរន្តរភាពផ្នែកបរិស្ថាន និងសង្គម រួមជាមួយនឹងការលើកកម្ពស់ការពិសាគ្រឿងស្រវឹងដោយការទទួលខុសត្រូវ បង្កើតបានជាសសរស្តម្ភទាំងបី ដែលបង្កើតបានជាមហិច្ឆតា “ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ” រយៈពេលវែងរបស់ក្រុមហ៊ុន៕