(តូក្យូ)៖ ស្ថាបនិក និងជានាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន SoftBank Group Corp លោក Masayoshi Son គ្រោងពិភាក្សាអំពី «សម្ព័ន្ធភាពយុទ្ធសាស្រ្ត» ពីការទិញយក្រុមហ៊ុនផលិតបន្ទះឈីបរួមគ្នាមួយជាមួយនឹង Samsung Electronics ក្នុងអំឡុងពេលដំណើរទស្សនៈកិច្ចលើកដំបូងរបស់មហាសេដ្ឋីទៅកាន់ប្រទេសកូរ៉េខាងត្បូងក្នុងរយៈពេល ៣ឆ្នាំ បន្ទាប់ពីជំងឺរាតត្បាត COVID-19។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២។

មហាសេដ្ឋីបច្ចេកវិទ្យាជប៉ុន-កូរ៉េ លោក Son បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ខ្ញុំទន្ទឹងរង់ចាំទៅទស្សនាប្រទេសកូរ៉េជាលើកដំបូងក្នុងរយៈពេល ៣ឆ្នាំមកនេះ ហើយខ្ញុំក៏មានបំណងចង់ពិភាក្សាជាមួយ Samsung អំពីសម្ព័ន្ធភាពយុទ្ធសាស្រ្តក្នុងការទិញយកក្រុមហ៊ុនផលិតបន្ទះឈីប Arm» ផងដែរ។

ខណៈដំណើរទស្សនៈកិច្ចនេះនឹងប្រព្រឹត្តិទៅចំពេលមានការរំពឹងទុកដោយអ្នកវិភាគ និងប្រព័ន្ធផ្សព្វផ្សាយជុំវិញការបង្កើតសម្ព័ន្ធភាពឧស្សាហកម្មដ៏មានសក្តានុពលរវាងក្រុមហ៊ុនកំពូលទាំងពីរ ដើម្បីទិញយក Arm ក៏ដូចជាបង្កើនសមត្ថភាពផលិតរបស់ខ្លួនទ្វេដងនៅក្នុងវិស័យបច្ចេកវិទ្យាពិភពលោក។

តែយ៉ាងណាសម្រាប់ព័ត៌មានលម្អិតពាក់ព័ន្ធទៅនឹងផែនការទិញយក Arm រួមគ្នារវាង SoftBank និង Samsung មិនទាន់មានការបញ្ជាក់ណាមួយជាផ្លូវការនោះទេ ដូច្នេះមានតែរង់ចាំដំណើរទស្សនៈកិច្ចរបស់កំពូលមហាសេដ្ឋី លោក Masayoshi Son មកដល់៕