(ភ្នំពេញ)៖ លោក ជុំ កុសល ប្រធានសហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជា បានជំរុញសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធអាណត្តិថ្មី ត្រូវបន្ដពួតដៃគ្នាខិតខំប្រឹងប្រែងអភិវឌ្ឍន៍ប្រភេទកីឡាមួយនេះឲ្យកាន់តែរីកចម្រើន ពិសេសដើម្បីឆ្ពោះទៅរកភាពជោគជ័យក្នុងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។

ការលើកឡើងនេះ បន្ទាប់ពីលោកបានទទួលបានការគាំទ្របន្ដធ្វើជាប្រធានសហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជា អាណត្តិទី២ ឆ្នាំ២០២២-២០២៦។ ការបោះឆ្នោតនេះ ធ្វើឡើងក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី១ បន្ដអាណត្តិទី២ របស់សហព័ន្ធនាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោមវត្តមានលោក អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា។

រដ្ឋលេខាធិការក្រសួងព័ត៌មានខាងលើបានគូសបញ្ជាក់ថា ការរៀបចំមហាសន្និបាតបញ្ចប់អាណត្តិចាស់ បន្ដអាណត្ដិថ្មីនេះ ស្របគ្នានឹងពេលវេលាការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ខិតជិតមកដល់។ ដូច្នេះការរៀបចំនូវក្បាលម៉ាស៊ីន គឺជាកម្លាំងមួយដ៏សំខាន់ ដែលត្រូវរួមគ្នាខិតខំប្រឹងប្រែងធ្វើការកាន់តែខ្លាំង ពិសេសលើការងារបណ្ដុះបណ្ដាល និងអភិវឌ្ឍន៍សមត្ថភាពកីឡាករ ដើម្បីត្រៀមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនៅកម្ពុជា។

លើសពីនេះ លោកបានថ្លែងអំណរគុណ ចំពោះសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធអាណត្តិចាស់ ដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត ដើម្បីដំណើរការសហព័ន្ធ តាំងពីបង្កើតដំបូង រហូតលេចចេញជាផ្លូវការជាបន្ដបន្ទាប់ ពិសេសលោក ម៉ារ៉ា សុជាតិ ដែលជាអគ្គលេខាធិការសហព័ន្ធ។ ក្នុងនាមប្រធានសហព័ន្ធអាណត្ដិថ្មី លោក ជុំ កុសល បានប្ដេជ្ញានឹងខិតខំបន្ថែមទៀត ដើម្បីជំរុញការអភិវឌ្ឍប្រភេទកីឡានេះ ពិសេសឆ្ពោះទៅរកភាពជោគជ័យក្នុងស៊ីហ្គេម ឆ្នាំ២០២៣។

ចំពោះសមាសភាពក្បាលម៉ាស៊ីនអាណត្ដិថ្មីនៃសហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជា គឺមាន ១៣រូប ក្រៅពីលោក ជុំ កុសល ជាប្រធាន គឺមានលោក ជួន លាង ជាអនុប្រធាន, លោក ម៉ារ៉ា សុជាតិ ជាអគ្គលេខាធិការ, លោក ទុយ វិច្ឆិកា ជាអគ្គលេខាធិការរង, លោកស្រី អេង អ៊ីភា ជាអគ្គហេរញ្ញិក ព្រមទាំងសមាជិក ៨រូបផ្សេងទៀត រួមមានលោកស្រី ស្រួង ភាវី, លោក ភិន ឈុនទៀង, ឆាយ បញ្ញា, ទូច ចំរើន, ចាន់ រ៉ាវី, ដួង ប៊ុនធឿន និងលោក អ៊ុច ច័ន្ទដារ៉ា។

ឆ្លៀតឱកាសនោះ សហព័ន្ធក៏បានប្រកាសពីការបញ្ជូនកីឡាករ ២រូប ដែលត្រូវចូលរួមប្រកួតកីឡាស្នូកឃ័រអន្ដរជាតិ Asian 6-Red Snooker Championship 2022 នៅប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ផងដែរ ក្រោមការឧបត្ថម្ភគាំទ្ររបស់ធនាគារព្រីនស៍ រួមមានកីឡាករ ដួង ប៊ុនធឿន និង ថាយ តិចហុក។ ការចូលរួមនេះ ត្រូវបានសហព័ន្ធចាត់ទុកជាឱកាសមួយដ៏ល្អ សម្រាប់កីឡាករកម្ពុជាពង្រឹងសមត្ថភាព និងបច្ចេកទេសត្រៀមឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣៕