(បរទេស)៖ តារាចម្រៀងប៉ុបសញ្ជាតិកូឡំប៊ី Shakira បានទម្លាយអាថ៌កំបាំងរបស់ខ្លួនជាលើកដំបូង ពាក់ព័ន្ធការបែកបាក់គ្នាជាមួយកីឡាករបាល់ទាត់ ខ្សែការពារក្លឹប FC Barcelona ដោយចាត់ទុកថា នេះជាពេលវេលាដ៏ខ្មៅងងឹកក្នុងជីវិតរបស់ខ្លួន ខណៈនាងក៏ត្រូវបានគេដឹងថា កំពុងប្រឈមមុខនឹងការចោទប្រកាន់ពីបទគេចពន្ធ នៅក្នុងប្រទេសអេស្ប៉ាញផងដែរ។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Straits Times នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២។

Shakira វ័យ៤៥ឆ្នាំ និង Pique វ័យ៣៥ឆ្នាំ បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីខែមិថុនាកន្លងទៅនេះ នៅពេលដែលពួកគេប្រកាសពីការបែកគ្នា។ អតីតគូស្នេហ៍ដែលមិនបានរៀបការនេះ គឺបានរួមរស់ជាមួយគ្នា អស់រយៈពេល១២ឆ្នាំ និងមានកូនប្រុសពីរនាក់ បន្ទាប់ពីពួកគេបែកគ្នា។

និយាយនៅក្នុងបទសម្ភាសន៍ នាពេលថ្មីៗនេះ ជាមួយទស្សនាវដ្តី Elle Magazine តារាស្រី Shakira បាននិយាយយ៉ាងដូច្នេះថា «ពិតជាពិបាកក្នុងការនិយាយពីរឿងនេះណាស់ ប៉ុន្តែខ្ញុំនៅតែឆ្លងកាត់រឿងទាំងនោះបាន ហើយដោយសារតែខ្ញុំ ស្ថិតក្នុងភ្នែកសាធារណជន ដូច្នេះវាមិនមែនជារឿងធម្មតាទេ ហើយវាមិនមែនប៉ះពាល់សម្រាប់តែខ្ញុំម្នាក់ទេ គឺកូនៗរបស់ខ្ញុំផងដែរ»។ ទោះជាយ៉ាងណាក៏ដោយ តារារូបនេះមិនបានបញ្ជាក់លំអិត អំពីមូលហេតុនៃការបែកបាក់គ្នានេះទេ។

នៅក្នុងបទសម្ភាសន៍ដដែលនេះ Shakira ក៏បានបដិសេធការចោទប្រកាន់មកលើរូបនាង ពីសំណាក់តុលាការនៅអេស្ប៉ាញផងដែរ ដោយអះអាងថា នាងមិនបានគេចវេសពីការមិនបង់ពន្ធនោះឡើយ ខណៈរបាយការណ៍បានបញ្ជាក់ថា ប្រសិនបើនាងត្រូវបានរកឃើញថា មានកំហុសដូចការចោទប្រកាន់ នាងអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ៨ឆ្នាំ។

តារារូបនេះ បានបដិសេធយ៉ាងដូច្នេះថា «ទី១ ខ្ញុំមិនបានចំណាយរយៈពេល១៨៣ថ្ងៃក្នុងមួយឆ្នាំ នៅអេស្ប៉ាញនោះទេ ព្រោះតែខ្ញុំរវល់ក្នុងការបញ្ចេញកិច្ចការងារផ្ទាល់ខ្លួន»។ នាងនិយាយបែបនេះ គឺដោយសារតែតាមច្បាប់អេស្ប៉ាញ បុគ្គលដែលចំណាយពេលរស់នៅប្រទេសនេះច្រើនជាង ១៨៣ថ្ងៃក្នុងមួយឆ្នាំ ត្រូវបានកំណត់ថា ជាប់ពន្ធ។ ងាកមកចំណុចទី២ តារារូបនេះបញ្ជាក់ថា «នាងបានច្បាស់លាស់ខ្លួនឯង ថានាងបានបំពេញកាតព្វកិច្ចរួចរាល់ ត្រឹមត្រូវ និងតម្លាភាពរួចរាល់អស់ហើយ នូវអ្វីដែលនាងគិតថា ត្រូវធ្វើដើម្បីឲ្យស្របច្បាប់»

ទោះជាយ៉ាងណាក្តី គេមិនទាន់ដឹងនោះឡើយថា តើរឿងក្តីរបស់តារាល្បី Shakira និងតុលាការអេស្ប៉ាញ នឹងទៅជាយ៉ាងណានោះ ខណៈសវនាការមិនទាន់កំណត់ថ្ងៃនៅឡើយ៕