(ភ្នំពេញ)៖ ធនាគារ ហត្ថា ម.ក បានទទួលពានរង្វាន់កិត្តិយស ពីព្រឹត្តិការណ៍ ពានរង្វាន់ហិរញ្ញវត្ថុសហគ្រាសខ្នាតតូច និងមធ្យមសាកល ឆ្នាំ២០២២ ឬ ហៅកាត់ថា Global SME Finance Awards 2022។ ចំពោះជ័យលាភីឆ្នាំនេះ ធនាគារ ហត្ថា ត្រូវបានជ្រើសរើសចេញពីបេក្ខភាពជាច្រើនដែលមានភាព ប្រកួតប្រជែងខ្ពស់។

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ Global SME Finance Awards 2022 ត្រូវបានរៀបចំរួមគ្នាដោយ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ដែលជាសមាជិករបស់ ក្រុមធនាគារពិភពលោក (World Bank Group) និងវេទិកាហិរញ្ញវត្ថុសហគ្រាសខ្នាតតូច និងមធ្យមសកល (Global SME Finance Forum) ហើយទទួលបានការគាំទ្រពីសំណាក់ ភាពជាដៃគូសាកលសម្រាប់បរិយាប័ន្នហិរញ្ញវត្ថុរបស់ក្រុមប្រទេស G20 (ឬហៅកាត់ថា GPFI ) ដែលព្រឹត្តិការណ៍នេះមានគោលដៅក្នុងការអបអរសាទរដល់ស្ថាប័នហិរញ្ញវត្ថុ និងក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) ដែលសម្រេចបាននូវសមិទ្ធផលគួរឱ្យកោតសរសើរក្នុងការផ្តល់ជូនអតិថិជនប្រភេទសហគ្រាសខ្នាតតូច និងមធ្យម នូវផលិតផល និងសេវាកម្មដ៏ល្អឥតខ្ចោះ។

ថ្លែងក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ លោក Matthew Gamser នាយកប្រតិបត្តិនៃ Global SME Finance Forum បានឲ្យដឹងថា៖ «ជារៀងរាល់ឆ្នាំ យើងសង្កេតឃើញថាមានស្ថាប័នកាន់តែច្រើនជាងមុន បានធ្វើសកម្មភាពហួសពីការរំពឹងទុកក្នុងការជួយបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទានរបស់សហគ្រាសខ្នាតតូច និងមធ្យម។ បន្ថែមពីលើនេះទៀត យើងក៏សង្កើតឃើញផងដែរនូវ គំនិតច្នៃប្រឌិតដ៏អស្ចារ្យជាច្រើន ក៏ដូចជាឱកាសក្នុងការកែលម្អអតុល្យភាពកើតចេញពីកត្តាយេនឌ័រ អាយុ និងកត្តាវិសមភាពផ្សេងទៀត ហើយកាន់តែពិសេសជាងនេះទៅទៀត គឺយើងបានមើលឃើញពីវិធីថ្មីៗក្នុងការផ្ដល់ជូនសេវាកម្មដែលផ្តោតសំខាន់លើអតិថិជនជាអាទិភាព ដែលធានាបាននូវការផ្តល់ហិរញ្ញប្បទានដែលមានការទទួលខុសត្រូវខ្ពស់ និងផ្ដល់អត្ថប្រយោជន៍យ៉ាងពិតប្រាកដដល់អតិថិជន។ ពានរង្វាន់ប្រចាំឆ្នាំ ២០២២ នេះ ពាំនាំនូវលទ្ធផលដ៏ល្អប្រសើរមិនខុសពីព្រឹត្តិការណ៍មុនៗ ពោលគី គំនិតច្នៃប្រឌិត សមិទ្ធផល និងសក្តានុពលកាន់តែអស្ចារ្យជាងមុន»