(ភ្នំពេញ)៖ ក្រុមហ៊ុន JTI កម្ពុជា បានសម្ពោធទីស្នាក់ការកណ្តាលលំដាប់ពិភពលោកថ្មីមួយ នៅជាន់ទី២៩ លើអគារ GIA ដែលមានទីតាំងនៅកោះពេជ្រ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២នេះ។

ទីស្នាក់ការកណ្តាលថ្មីមួយនេះ គឺជានិមិត្តរូបនៃការយកចិត្តទុកដាក់ទៅលើសុខុមាលភាព របស់បុគ្គលិកក្រុមហ៊ុន JTI កម្ពុជា។ ទីស្នាក់ការកណ្តាលថ្មីនេះ ត្រូវបានរចនាតាមបែបបទទំនើប ដែលមានមានផាសុកភាព និងមានកន្លែងសម្រាប់បុគ្គលិកសហការជាមួយគ្នា (WE Spaces) កន្លែងសម្រាប់ស្ងប់ស្ងាត់សម្រាប់បុគ្គលិកផ្តោតទៅលើការងារដោយខ្លួនឯង (ME Spaces) និងកន្លែងសម្រាប់សម្រាក (SOCIAL Spaces)។

ក្រុមហ៊ុន JTI កម្ពុជា រំពឹងថាទីស្នាក់ការកណ្តាលលំដាប់អន្តរជាតិថ្មីនេះ នឹងជួយបុគ្គលិកងាយធ្វើការងារជាងមុនដើម្បីឆ្លើយតបនឹងវប្បធម៌ការងារសម័យថ្មី។

ពិធីសម្ពោធទីស្នាក់ការកណ្តាលលំដាប់ពិភពលោកថ្មីនេះ បានប្រារព្ធឡើងក្រោមអធិបតីភាពរបស់លោក មីកាមី ម៉ាសាហ៉ីរ៉ូ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា, នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងលោក ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម។

ក្រុមហ៊ុន JTI កម្ពុជាបានទទួលពានរង្វាន់ផ្នែកការអនុវត្តគោលការណ៍ធនធានមនុស្សឥតខ្ចោះ ជានិយោជកឆ្នើម២ឆ្នាំជាប់គ្នា ហើយថ្មីៗនេះ ក្រុមហ៊ុនក៏បានអនុវត្តរបៀបធ្វើការបែបថ្មីដែលធ្វើការពីផ្ទះ៥០% និងធ្វើការពីបរទេសបាន ១០ថ្ងៃក្នុងមួយឆ្នាំ និងគោលការណ៍ថ្មីស្តីពី ការឈប់សម្រាកគ្រួសារដែលអនុញ្ញាតឪពុក ម្តាយ ដែលជាបុគ្គលិករបស់ក្រុមហ៊ុន ឈប់សម្រាកដោយទទួលបានប្រាក់បៀវត្សពេលរយៈពេល ២០សប្តាហ៍។

ក្រុមហ៊ុន ក៏បានបន្តចូលរួមជួយដល់សហគមន៍ តាមរយៈការប្រគល់ជូនសម្ភារចាំបាច់ ដល់គ្រួសារក្រីក្រដែលរងផលប៉ះពាល់ខ្លាំង ដោយការរាតត្បាតជំងឺកូវីដ១៩ ការផ្តល់ជំនួយដល់ជនពិការ ជនចាស់ជរា និងជនអនាថា ព្រមទាំងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ និងការជួយថែរក្សាដល់និរន្តភាពបរិស្ថាន ដោយអនុវត្តគម្រោងការដំាដើមឈើ និងការកែច្នៃសំរាម៕