(អង់ការ៉ា)៖ តួកគី នឹងបញ្ជូនប៉ូលិសកុប្បកម្មជាង ៣,០០០នាក់ទៅកាន់ប្រទេសកាតា ដើម្បីជួយថែរក្សាសន្តិសុខ នៅតាមកីឡដ្ឋានសម្រាប់ការប្រកួត World Cup ឆ្នាំ២០២២ និងនៅតាមសណ្ឋាគារនៅក្នុងប្រតិបត្តិការ ដែលចំណាយដោយប្រទេសម្ចាស់ផ្ទះ ប៉ុន្តែស្ថិតក្រោមការបញ្ជាដោយតួកគី។ នេះបើតាមការបញ្ជាក់ពីក្រសួងមហាផ្ទៃតួកគី ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២។

ជាមួយនឹងអត្រាប្រជាជនតិចជាង ៣លាននាក់ដែលមានជនជាតិកាតាត្រឹមតែប្រមាណ ៣៨០,០០០នាក់នោះ កាតាបានប្រឈមនឹងការខ្វះខាតបុគ្គលិក ខណៈប្រទេសមួយនេះ កំពុងត្រៀមលក្ខណៈសម្រាប់ការធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោក World Cup ដែលមានរយៈពេល ១ខែនេះ។

កាតា បានងាកទៅពឹងពាក់តួកគី ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតរបស់ខ្លួននៅក្នុងតំបន់ ដើម្បីជួយក្នុងការថែរក្សាសន្តិសុខ នៅក្នុងព្រឹត្តិការណ៍លំដាប់ពិភពលោក ដែលត្រូវបានគេរំពឹងថា នឹងទាក់ទាញអ្នកទស្សនាប្រមាណ ១.២លាននាក់ទៅកាន់ប្រទេសតូចមួយនេះ ប៉ុន្តែជាប្រទេសអ្នកមានដោយសារការនាំចេញឧស្ម័ន។

ស្ថិតក្រោមពិធីសារដែលចុះកិច្ចសន្យារវាងប្រទេសទាំងពីរ ហើយបានចេញផ្សាយដោយសារព័ត៌មានជាតិតួកគី Gazette រដ្ឋាភិបាលទីក្រុង Ankara នឹងដាក់ពង្រាយប៉ូលិសកុប្បកម្ម ៣,០០០នាក់ និងប៉ូលិសប្រតិបត្តិការពិសេស ១០០នាក់ទៅកាន់កាតា ជាមួយនឹងមន្ត្រីឯកទេសគ្រាប់បែក ៥០នាក់ និងសត្វឆ្កែហិតក្លិន និងសត្វឆ្កែកុប្បកម្មចំនួន ៨០ក្បាលផងដែរ៕