(បរទេស)៖ អតិថិជន iPhone 14 ថ្មីទំនងជាអស់កង្វល់រឿងជួបបញ្ហាកាមេរ៉ាទៀតហើយ ខណៈដែល Apple ទើបតែចេញផ្សាយការអាប់ដេតប្រព័ន្ធប្រតិបត្តិការ iOS 16.0.2 ជាផ្លូវការហើយ បន្ទាប់ពីជួបបញ្ហា iPhone 14 Pro ញ័រកាមេរ៉ាក្នុងកម្មវិធី TikTok, Instagram និង Snapchat កាលពីសប្តាហ៍មុន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២។

ជាមួយនឹង iOS 16.0.2 ថ្មីនេះក្រៅពីមានសមត្ថភាពជួសជុលទៅលើបញ្ហាញ័រកាមេរ៉ានៅលើ iPhone 14 Pro រួមទាំងកែលម្អសម្លេងរំខាននៅពេលបើកកាមេរ៉ាហើយនោះ លើសពីនេះទៅទៀតវាថែមទាំងអាចដោះស្រាយបញ្ហាជាមួយនឹងការផ្ទេរទិន្នន័យពី iPhone ចាស់ទៅ iPhone 14 ដែលអ្នកប្រើប្រាស់គ្រប់គ្នារង់ចាំផងដែរ។

ប្រសិនបើអ្នកទាំងអស់គ្នាកំពុងតែជួបបញ្ហានេះ អាចចូលទៅ Download iOS 16.0.2 បានដោយ Apple កំពុងតែដាក់ដំណើរការជាផ្លូវការ និងអាចដំឡើងបានតាមរយៈការចូលទៅកាន់ Settings > General > Software Update ជាការស្រេច៕