(មីឡាន)៖ ក្រុមតោ៣ អង់គ្លេសចានហាលអាវពីពានរង្វាន់អឺរ៉ុប UEFA Nations League ដ៏លឿនបំផុត នៅពេលប្រកួតចាញ់ម្ចាស់ផ្ទះអាសូរីអ៉ីតាលី ១ទល់នឹង០នាយប់មិញ ដោយរក្សាកំណត់ត្រាលេង ៥ប្រកួតមិនឈ្នះសោះ។

នេះជាកំណត់ត្រាដ៏អាក្រក់មួយសម្រាប់ក្រុមជើងរងឯកពាន Euro 2020 គិតចាប់តាំងពីឆ្នាំ២០២១៤ មក ដែលសុទ្ធសឹងចាញ់ក្រុមថ្វីជើងរបស់អ៉ីតាលី។

ខ្សែការពារ Leonardo Bonucci ជាអ្នកបញ្ជូនបាល់ឲ្យខ្សែប្រយុទ្ធ Raspadori បំប៉ោងសំណាញ់ទីអង់គ្លេសបានសម្រេចនៅនាទី៦៨ ក្នុងកីឡដ្ឋាន San Siro ដែលស្ថិតក្នុងទីក្រុង Milan ប្រទេសអ៉ីតាលី ដើម្បីផ្តល់ភាពឈឺចាប់ដល់តោកំណាចអង់គ្លេសលេងពានអឺរ៉ុបរដូវកាលទី៣ នេះមិនឈ្នះសោះក្នុងចំណោម ៥ប្រកួតក្នុងពូលទី៣ នៃ League A ដែលជាកំណត់ត្រាអាក្រក់បំផុតគិតចាប់ពីខែមិថុនា ឆ្នាំ២០១៤ មក។

Raspadori បានធ្វើការគ្រប់គ្រងបាល់ និងទាត់ជើងស្តាំបញ្ចប់ទីយ៉ាងស្អាត មិនធ្វើឲ្យកីឡាករចាំទី Nick Pope ប៉ះបាល់បានឡើយ ដែលត្រូវបានដាក់ឲ្យចាំទីជំនួស Jordan Pickford នៅពេលកីឡាករចាំទី Everton កំពុងមានបញ្ហារបួសភ្លៅនោះ។

តែយ៉ាងណាអង់គ្លេសដែលដឹកនាំដោយអ្នកចាត់ការទូទៅ លោក Gareth Southgate ក៏បានឆ្លើយតបវិញភ្លាមៗផងដែរ តាមរយៈខ្សែប្រយុទ្ធ Harry Kane ស៊ុតចំគោលដៅ ២ជើង ប៉ុន្តែត្រូវបានជួយសង្រ្គោះបានពីអ្នកចាំទី Gianluigi Donnarumma ដែលត្រូវបានជ្រើសរើសចេញពីក្លិប Paris Saint-Germain និងជាអ្នកសង្រ្គោះបាល់បានយ៉ាងល្អផងដែរ កាលផ្តាច់ព្រ័ត្រ Euro 2020 នៅកីឡដ្ឋាន Wembley នាខែកក្កដា ឆ្នាំ២០២១ កន្លងទៅ។

អង់គ្លេស នៅសល់ ១ប្រកួតបង្រ្គប់កិច្ចទល់នឹងអាល្លឺម៉ង់នៅកីឡដ្ឋាន Wembley ដ្បិតពួកគេទើបមាន ២ពិន្ទុឈរនៅបាតតារាងនៅពីក្រោមអាល្លឺម៉ង់ដែលមាន ៦ពិន្ទុ ស្របពេលពួកគេ (អាល្លឺម៉ង់) ក៏បានចាញ់ក្រុមភ្ញៀវហុងគ្រី ១ទល់នឹង០ ផងដែរនាយប់មិញនេះ៕