(ហ្សូរិច)៖ កីឡាករវាយកូនបាល់ទោល Roger Federer បានប្រកាសចូលនិវត្តន៍ជាផ្លូវការហើយ នៅពេលលេងចាញ់ ១ប្រកួតចុងក្រោយនៅពាន Laver Cup 2022 នាយប់មិញនេះនៅកីឡដ្ឋាន O2 Arena ស្ថិតក្នុងទីក្រុង London ប្រទេសអង់គ្លេស។
ជើងខ្លាំងសញ្ជាតិស្វីស Federer បានសម្រក់ទឹកភ្នែកលាអ្នកគាំទ្ររបស់ខ្លួនក្នុងវ័យ ៤១ឆ្នាំ ក្រោយចប់ការប្រកួតក្នុងនាមជាអតីតកីឡាករវាយកូនបាល់ដ៏ល្អមួយក្នុងប្រវត្តិសាស្រ្ត ដ្បិតធ្លាប់ឈ្នះពានក្នុងកម្រិត Grand Slam ២០សម័យកាលមកនេះ និងធ្លាប់កាន់កំណត់ត្រាលេខ១ ពិភពលោកទៀតផង។
Federer បានថ្លែងទាំងអួលដើមក លាយឡំដោយទឹកភ្នែកនៅលើផែនថ្ពាល់ថា «វាគឺជាថ្ងៃដ៏អស្ចារ្យបំផុត។ ខ្ញុំរំភើបខ្លាំងណាស់ ពុំមានទុក្ខសោកអ្វីទេ»។
មុនពេលប្រកាសចូលនិវត្តន៍ជាផ្លូវការនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ Roger Federer បានសាងកំណត់ត្រាដ៏គួរឲ្យចងចាំធំៗ៤ មានដូចជា ឈ្នះពានក្នុងកម្រិត Grand Slam ២០សម័យកាល ជាមួយការកាន់តំណែងលេខ១ ពិភពលោកបាន ៣១០សប្តាហ៍ផងដែរ។ រូបគេធ្លាប់គ្រងតំណែងជើងឯកពាន Davis Cup បានម្តង និងរកលុយបានចំនួន ១១៤លានផោន កីឡាករអាជីពវាយកូនបាល់ទោលនេះ៕