(តូក្យូ)៖ ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota Motor, Honda Motor និង Nisan Motor បានយល់ព្រមជាលើកដំបូងក្នុងការបង់ថ្លៃប៉ាតង់ទៅឱ្យក្រុមហ៊ុន Nokia របស់ប្រទេសហ្វាំងឡង់ និងក្រុមហ៊ុនទូរគមនាគមន៍កំពូលផ្សេងទៀតសម្រាប់បច្ចេកវិទ្យាឥតខ្សែ ដែលប្រើដើម្បីភ្ជាប់អ៊ីនធឺណិតទៅនឹងរថយន្ត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Nikkei Asia នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២។

ក្រុមហ៊ុន Toyota, Honda និង Nissan រួមជាមួយនឹងក្រុមហ៊ុន Stellantis របស់អឺរ៉ុបនឹងចុះកិច្ចសន្យាជាមួយក្រុមហ៊ុន Avanci ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ខណៈការចុះបញ្ជីថ្លៃប៉ាតង់សម្រាប់ស្តង់ដារបណ្តាញអ៊ីនធឺណិត LTE កំពុងស្ថិតនៅក្នុងការចចារ។ ដោយឡែកចំពោះប៉ាតង់បច្ចេកវិទ្យា 2G, 3G និង 4G វិញក្រុមហ៊ុនផលិតរថយន្តទាំងនេះនឹងត្រូវបង់ថ្លៃចន្លោះពី ១៥ ទៅ ២០ដុល្លារសម្រាប់រថយន្តមួយគ្រឿង។

គួរបញ្ជាក់ដែរថា កន្លងមកក្រុមហ៊ុនបច្ចេកវិទ្យាទាំងនេះ ទម្លាក់បន្ទុកទៅលើអ្នកផ្គត់ផ្គង់ឱ្យដោះស្រាយបញ្ហាប៉ាតង់ទាំងនេះ ដែលត្រូវបានគេអះអាងថា ទំនងជាចង់ការពារខ្លួនពីកាតព្វកិច្ចទាំងនេះ។ តែយ៉ាងណារបាយការណ៍ចុងក្រោយនេះកំពុងមានការផ្លាស់ប្តូរមួយចំនួន ខណៈក្រុមហ៊ុនទាំងនេះយល់ព្រមចេញមុខផ្ទាល់ទៅនឹងការបង់ថ្លៃប៉ាតង់សម្រាប់បច្ចេកវិទ្យារថយន្តរបស់ពួកគេដើម្បីអាចភ្ជាប់អ៊ីនធឺណិតឥតខ្សែបាន៕