(ម៉ាឌ្រីដ)៖ ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ បានរងបរាជ័យក្នុងផ្ទះលើកដំបូងគិតចាប់តាំងពីឆ្នាំ២០១៨ មក នៅពេលចាញ់ស្វីស ២ទល់នឹង១ នាយប់មិញនេះក្នុងពានរង្វាន់អឺរ៉ុប UEFA Nations League 2022-2023។

ក្រុមរហស្សនាម «គោជល់» បានបរាជ័យក្នុងដីក្រោមថ្វីជើងរបស់តោកំណាចអង់គ្លេសកាលឆ្នាំ២០១៨។

នេះមានន័យថា ក្រុមរងជើងឯកពាន Nations League កាលដើមឆ្នាំ២០២២ មួយនេះស្ទើរតែអស់ឱកាសឡើងទៅជុំផ្តាច់ព្រ័ត្រដណ្តើមពានប្រចាំទ្វីបអឺរ៉ុបនេះទៅហើយ ដោយមានត្រឹមតែ ៨ពិន្ទុឈរនៅលេខ២ ដ្បិតព័រទុយហ្គាល់ឈរកំពូលតារាងជាមួយ ១០ពិន្ទុ ក្រោយបំបាក់ម្ចាស់ផ្ទះសាធារណរដ្ឋឆេកក្នុងលទ្ធផល ៤ទល់នឹង០ នាយប់មិញដូចគ្នាពីក្នុងពូលទី២ នៃ League A។

ខ្សែការពារ Jordi Alba ដែលត្រូវបានជ្រើសរើសចេញពីក្លិបក្នុងស្រុក FC Barcelona ជាអ្នករកបានតែ ១គ្រាប់ឲ្យអេស្ប៉ាញពីការបញ្ជូនរបស់ខ្សែប្រយុទ្ធ Marco Asensio ដែលជាគ្រាប់ស្មើ ១-១ នៅក្រោយពេល Akanji ជាអ្នករកបានគ្រាប់នាំមុខឲ្យក្រុមភ្ញៀវស្វីសតាំងពីនាទី២១ មក និងគ្រាប់ជ័យជម្នះកើតឡើងក្រោយពេលអេស្ប៉ាញតាមស្មើបាន ៣នាទីដោយកីឡាករ Embolo។

នេះមានន័យថា ស្វីសបានសងសឹកអេស្ប៉ាញបានសម្រេចវិញ ដូចកាលពួកគេចាញ់ក្នុងដី ១ទល់នឹង០ កាលពីជើងទី១ ដោយបន្តឈរនៅលេខ៣ ជាបណ្តោះអាសន្នអស់ឱកាសឡើងជុំផ្តាច់ព្រ័ត្រ ដោយសល់ ១ប្រកួតប្រជែងយកកៅអីលេងក្នុង League A ទល់នឹងសាធារណរដ្ឋឆេកនាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២៕