(ផ្លាហ្សង់)៖ ខ្សែការពារស្លាបស្តាំ Diogo Dalot របស់ក្លិបបិសាចក្រហម Manchester United រកបាន ២គ្រាប់ផងដែរ ក្នុងជ័យជម្នះ ៤-០ របស់ព័រទុយហ្គាល់ទៅលើម្ចាស់ផ្ទះសាធារណរដ្ឋឆេកនាយប់មិញនេះនៅពានអឺរ៉ុប UEFA Nations League 2022-2023។

ដូចគ្នានោះដែរ ខ្សែបម្រើប្រយុទ្ធមកពីក្លិបតែមួយ Bruno Fernandes ក៏រួមចំណែករកបាន ១គ្រាប់ផងដែរនៅចុងម៉ោងនៃវគ្គទី១ នៅពេលគ្រាប់ទី៤ រកបានដោយខ្សែប្រយុទ្ធ Diogo Jota មកពីក្លិបអង់គ្លេសដូចគ្នាគឺ ហង្សក្រហម Liverpool នៅនាទី៨២ ដើម្បីជួយរាជសីហ៍រោមមាសព័រទុយហ្គាល់រកបាន ១០ពិន្ទុមានសង្ឃឹមខ្ពស់ឡើងទៅជុំផ្តាច់ព្រ័ត្រដណ្តើមពាន Natoins League នៅឆ្នាំ២០២៣ ដ្បិតពួកគេជាជើងឯកដំបូងគេកាលពាននេះបង្កើតឡើងកាលឆ្នាំ២០១៩។

នេះមានន័យថា ក្រុមដែលមានកីឡាករ Cristiano Ronaldo ដែលដឹកនាំដោយលោក Fernando Santos ត្រូវបានត្រឹមស្មើប៉ុណ្ណោះពេលជួបអេស្ប៉ាញនារាត្រីថ្ងៃអង្គារសប្តាហ៍ក្រោយបញ្ចប់ពូល A2 ដើម្បីឈានទៅជុំផ្តាច់ព្រ័ត្រ នៅពេលពួកគេឈរកំពូលតារាងនាំមុខគូប្រជែងអេស្ប៉ាញ ២ពិន្ទុនោះ។

ចំណែកសាធារណរដ្ឋឆេកវិញ បន្តឈរនៅបាតរាងក្នុងចំណោម ៤ក្រុមដែលពួកគេត្រូវការឈ្នះស្វីសដាច់ខាតនៅប្រកួតចុងក្រោយផងដែរ ដើម្បីរក្សាកៅអីលេងនៅ League A ជាបន្តទៀតនារដូវកាលទី៤៕