(ភ្នំពេញ)៖ នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ការប្រាស្រ័យទាក់ទងរវាងគ្នា និងគ្នា ពិតជាកើតឡើងជាក់ជាមិនខាន ដែលទំនាក់ទំនងទាំងអស់នោះអាចកើតមានតាមរយៈ ប្រពៃណី ជំនឿ សាសនា ការងារ មុខជំនួញជាដើម។ រីឯប្រតិបត្តិការនៃការខ្ចីបរិភោគ ក៏ប្រាកដជានឹងកើតមានឡើងដូចគ្នា ហើយពាក្យថា «ការខ្ចីបរិភោគ» សំដៅលើកិច្ចសន្យាមួយដែលភាគីម្ខាងហៅថា អ្នកឱ្យខ្ចី មានករណីយកិច្ចប្រគល់ការប្រើប្រាស់ដោយសេរី នូវប្រាក់ ស្បៀងអាហារ ស្រូវ ឬវត្ថុជំនួសផ្សេងទៀត ក្នុងអំឡុងពេលដែលកំណត់ឱ្យទៅភាគីម្ខាងទៀតហៅថា អ្នកខ្ចី ហើយនៅពេលដែលអំឡុងពេលនោះបានកន្លងផុត អ្នកខ្ចី មានករណីយកិច្ចសងទៅវិញនូវវត្ថុដែលមានប្រភេទគុណភាព និងចំនួនស្មើគ្នា នឹងវត្ថុដែលបានទទួលពីអ្នកឱ្យខ្ចីនោះ។ គួរបញ្ជាក់ផងដែរថា ការខ្ចីបរិភោគ ក៏អាចធ្វើឡើងដោយមានភ្ជាប់ជាមួយនឹងការប្រាក់ផង ក៏បានដែរ។

តើ «ការប្រាក់ក្នុងការខ្ចីបរិភោគ» ត្រូវកំណត់បែបណាដើម្បីឱ្យត្រឹមត្រូវស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា?

សប្ដាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់ របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្តីពី ការប្រាក់ក្នុងការខ្ចីបរិភោគ មកធ្វើការបង្ហាញជូនប្រជាពលរដ្ឋ សិស្ស និស្សិតដូចខាងក្រោម។

មុននឹងឈានដល់ការសិក្សាពីអត្ថន័យនៃប្រធានបទខាងលើ សូមធ្វើការកត់សម្គាល់នូវខ្លឹមសារ នៃពាក្យបច្ចេកទេសមួយចំនួនដូចខាងក្រោម៖

* ការប្រាក់ សំដៅលើចំនួនទឹកប្រាក់ ឬ វត្ថុផ្សេងទៀត ដែលត្រូវផ្ដល់ឱ្យទៅតាមសមាមាត្រនៃអំឡុងពេលនៃការប្រើប្រាស់ ក្នុងនាមជាតម្លៃតបចំពោះការប្រើប្រាស់ប្រាក់ ឬវត្ថុ ដែលត្រូវបានប្រគល់ឱ្យអ្នកខ្ចី ហើយដែលត្រូវគណនាដោយយកចំនួនទឹកប្រាក់ ឬវត្ថុ ដែលបានខ្ចី មកគុណជាមួយនឹងអត្រា ដែលបានត្រូវកំណត់ (ក្រមរដ្ឋប្បវេណី, មាត្រា៥៨៣, កថាខណ្ឌ១)។

* អត្រាការប្រាក់ដែលកំណត់ដោយច្បាប់ សំដៅលើកាតព្វកិច្ចបង្កើតការប្រាក់ ក្នុងករណីដែលគ្មានការកំណត់ផ្សេងទេ ត្រូវគិតអត្រាការប្រាក់ចំនួន ៥% (ប្រាំភាគរយ) ក្នុងមួយឆ្នាំ (ក្រមរដ្ឋប្បវេណី, មាត្រា៣១៨)។

* អត្រាការប្រាក់ដែលត្រូវបានកម្រិត សំដៅលើអត្រាការប្រាក់ ដែលបានកំណត់មិនឱ្យលើសពី ១៨% (ដប់ប្រាំបីភាគរយ) ក្នុងមួយឆ្នាំ (ប្រកាសស្ដីពីអាត្រាការប្រាក់ដែលត្រូវបានកម្រិត, ប្រការ១)។

* អត្រាការប្រាក់យឺតយ៉ាវ សំដៅដល់អត្រាការប្រាក់ ដែលព្រមព្រៀងជាមុនក្នុងការសងសំណងក្នុងកិច្ចសន្យាខ្ចីបរិភោគ ដែលបានកំណត់មិនឱ្យលើសពីចំនួន ១,៥ (មួយក្បៀសប្រាំ)ដង នៃអត្រាការប្រាក់ដែលត្រូវបានកម្រិត ស្មើនឹងចំនួន ២៧% (ម្ភៃប្រាំពីរភាគរយ) ក្នុងមួយឆ្នាំ (ប្រកាសស្ដីពីអាត្រាការប្រាក់ដែលត្រូវបានកម្រិត, ប្រការ២)។

ការខ្ចីបរិភោគដោយភ្ជាប់ការប្រាក់ ត្រូវធ្វើតាមការព្រមព្រៀងជាលិខិតលាយលក្ខណ៍អក្សរ ដោយមានការចុះហត្ថលេខារបស់អ្នកខ្ចីផងដែរ។ ការខ្ចីបរិភោគដោយភ្ជាប់ការប្រាក់ ដែលធ្វើឡើងដោយផ្ទាល់មាត់ ឬធ្វើឡើងជាលាយលក្ខណ៍អក្សរដោយមានស្នាមម្រាមដៃរបស់អ្នកខ្ចី ច្បាប់ពុំបានទទួលស្គាល់នូវអានុភាពឡើយ (ក្រមរដ្ឋប្បវេណី, មាត្រា៥៨៣, កថាខណ្ឌ៣)។ គួរបញ្ជាក់ផងដែរថា ភាគីនៃកិច្ចសន្យាខ្ចីបរិភោគ អាចព្រមព្រៀងកំណត់អត្រាការប្រាក់ទាបជាង ឬស្មើនឹង ឬខ្ពស់ជាង អត្រាការប្រាក់ដែលកំណត់ដោយច្បាប់ មានន័យថា ក្នុងករណីដែលភាគីអាចកំណត់អត្រាការប្រាក់ទាបជាង ឬស្មើនឹង ៥% (ប្រាំភាគរយ) ក្នុងមួយឆ្នាំនោះ ត្រូវអនុវត្តតាមការព្រមព្រៀង ប៉ុន្ដែក្នុងករណីដែលកំណត់ខ្ពស់ជាង ៥% (ប្រាំភាគរយ) ក្នុងមួយឆ្នាំ នោះភាគីត្រូវកំណត់អត្រាការប្រាក់ក្នុងរង្វង់ដែលមិនលើសពីអត្រាការប្រាក់ដែលត្រូវបានកម្រិតគឺ ១៨% (ដប់ប្រាំបីភាគរយ) ក្នុងមួយឆ្នាំឡើយ។

ផ្ទុយពីនេះវិញក្នុងករណីដែលភាគីមិនបានព្រមព្រៀងពីអាត្រាការប្រាក់ក៏ដោយ ក៏ច្បាប់បើកសិទ្ធិឱ្យភាគីបានទទួលត្រឹមអាត្រាការប្រាក់ដែលកំណត់ដោយច្បាប់ គឺ ៥% (ប្រាំភាគរយ) ក្នុងមួយឆ្នាំ (ក្រមរដ្ឋប្បវេណី, មាត្រា៥៨៤ កថាខណ្ឌ២ និង មាត្រា៣១៨) ។ ឧទាហរណ៍៖ លោក ក បានចុះកិច្ចសន្យាខ្ចីបរិភោគ ជាមួយលោក ខ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ និងបានប្រគល់ប្រាក់នៅថ្ងៃចុះកិច្ចសន្យាខ្ចីបរិភោគ។ លោក ក បានខ្ចីប្រាក់ពីលោក ខ ចំនួន ១០.០០០ .០០០៛ និងបានកំណត់អត្រាការប្រាក់ចំនួន ១២% ក្នុងមួយឆ្នាំ និងត្រូវកំណត់សងនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។ បើក្រឡេកមើលកិច្ចសន្យាខាងលើនេះ មានកម្មវត្ថុជាការខ្ចីប្រាក់ចំនួន ១០.០០០.០០០៛ ហើយអត្រាការប្រាក់ដែលបានកំណត់ ១២% ក្នុងមួយឆ្នាំនេះ ស្របតាមលក្ខខណ្ឌ (ខ្ពស់ជាង ៥% មិនលើសពី ១៨%) ហេតុនេះច្បាប់នឹងទទួលស្គាល់អានុភាព ដូច្នេះហើយនៅថ្ងៃកំណត់សងលោក ក ត្រូវសងប្រាក់ដើមចំនួន ១០.០០០.០០០៛ ព្រមទាំងការប្រាក់ ១.២០០.០០០៛ ផងដែរ។

ការប្រាក់យឺតយ៉ាវ គឺជាការកំណត់ជាមុននូវសំណងការខូចខាត ភាគីអាចកំណត់អត្រាការប្រាក់យឺតយ៉ាវទាបជាង ឬស្មើនឹង ឬខ្ពស់ជាង អត្រាការប្រាក់ដែលកំណត់ដោយច្បាប់។ ក្នុងករណីដែលភាគីព្រមព្រៀងគ្នាអំពីអត្រាការប្រាក់យឺតយ៉ាវដែលខ្ពស់ជាងអត្រាការប្រាក់ដែលកំណត់ដោយច្បាប់ ចាំបាច់ត្រូវធ្វើជាលិខិតលាយលក្ខណ៍អក្សរ និងមានចុះហត្ថលេខារបស់អ្នកខ្ចី ទើបច្បាប់ទទួលស្គាល់អានុភាព (ក្រមរដ្ឋប្បវេណី, មាត្រា៥៨៤ កថាខណ្ឌ៣)

ហើយអត្រាការប្រាក់យឺតយ៉ាវដែលខ្ពស់ជាងអត្រាការប្រាក់ដែលកំណត់ដោយច្បាប់ គឺមិនត្រូវលើសពី ២៧% (ម្ភៃប្រាំពីរភាគរយ) ក្នុងមួយឆ្នាំឡើយ។

ចំពោះករណីដែលភាគីមិនបានព្រមព្រៀងគ្នាកំណត់អត្រាការប្រាក់យឺតយ៉ាវ នោះអត្រាការប្រាក់យឺតយ៉ាវ ត្រូវយកតាមអត្រាការប្រាក់ដែលកំណត់ដោយច្បាប់ គឺ ៥% (ប្រាំភាគរយ) ក្នុងមួយឆ្នាំ ប៉ុន្ដែបើមានកំណត់អំពីអត្រាការប្រាក់ក្នុងកិច្ចសន្យា ដែលខ្ពស់ជាងអត្រាការប្រាក់ដែលកំណត់ដោយច្បាប់ ត្រូវគណនាតាមអត្រាការប្រាក់ក្នុងកិច្ចសន្យា (ក្រមរដ្ឋប្បវេណី, មាត្រា៣៩៩ កថាខណ្ឌ១ វាក្យខណ្ឌទី២ និងទី៣)។

ឧទាហរណ៍៖ លោក ក បានចុះកិច្ចសន្យាខ្ចីបរិភោគ ជាមួយលោក ខ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ និងបានប្រគល់ប្រាក់នៅថ្ងៃចុះកិច្ចសន្យាខ្ចីបរិភោគ។ ដោយលោក ក បានខ្ចីប្រាក់ពីលោក ខ ចំនួន ១០.០០០.០០០៛ និងបានកំណត់អត្រាការប្រាក់ចំនួន ១២% ក្នុងមួយឆ្នាំ និងត្រូវកំណត់សងនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ហើយភាគីបានព្រមព្រៀងលើអត្រាការប្រាក់យឺតយ៉ាវចំនួន ១៨% ក្នុងមួយឆ្នាំ។ លុះមកដល់ថ្ងៃកំណត់សងលោក ក ពុំបានសងប្រាក់ដើម និងការប្រាក់ជូនលោក ខ នោះទេ នឹងបានបន្ដយឺតយ៉ាវរហូតដល់ ៥ ខែ ហេតុដូច្នេះលោក ក ត្រូវសងលោក ខ នូវប្រាក់ដើមចំនួន ១០.០០០.០០០៛ និងការប្រាក់ចំនួន ១.២០០.០០០៛ ព្រមទាំងការប្រាក់យឺតយ៉ាវចំនួន ៥ ខែ ស្មើនឹងទឹកប្រាក់ ៧៥០.០០០៛ ផងដែរ។

សរុបសេចក្ដីមក ការសិក្សាអំពី ការប្រាក់ នៅក្នុងក្រមរដ្ឋប្បវេណី អាចនឹងមានភាពស្មុគស្មាញខ្លាំង ដោយសារអត្រាការប្រាក់មានច្រើនបែប ច្រើនសណ្ឋាន ហើយត្រូវបានប្រើប្រាស់ក្នុងស្ថានភាពផ្សេងៗគ្នា ហេតុដូច្នេះយើងគប្បីស្វែងយល់ឱ្យបានច្បាស់ អំពីអត្រាការប្រាក់នីមួយៗ ដើម្បីឈានដល់ការកំណត់យកអត្រាការប្រាក់ដែលត្រឹមត្រូវស្របតាមច្បាប់ មិនប្រាស់ចាកពីស្មារតីច្បាប់៕

រៀបរៀងដោយ៖ លោកមេធាវី ឡាន ស៉ីនីត និងលោក ប៉ូល គីមសេង ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋានស្ថិតនៅអគារលេខ៤៥៣៥ ផ្លូវលេខ១០០៣ ស្ថិតក្នុងភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៉ីម៉ែល៖ [email protected] គេហទំព័រ៖ www.ciclg.com , ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group