(បរទេស)៖ នាយកប្រតិបត្តិក្រុមហ៊ុន SpaceX លោក Elon Musk បាននិយាយកាលពីថ្ងៃសុក្រថា លោកនឹងដំណើរការសេវាអ៊ីនធឺណិតតាមផ្កាយរណបរបស់ក្រុមហ៊ុន Starlink ជាការឆ្លើយតបទៅនឹងសាររបស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ដែលថាសហរដ្ឋអាមេរិក បានចាត់វិធានការ "ដើម្បីលើកកម្ពស់សេរីភាពអ៊ីនធឺណិត និងលំហូរព័ត៌មានដោយសេរី" ដល់ប្រជាជនអ៊ីរ៉ង់។

យោងតាមសារព័ត័មាន Reuters ចេញផ្សាយនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ បានឲ្យដឹងថា ក្រសួងរតនាគារសហរដ្ឋអាមេរិកកាលពីថ្ងៃសុក្របានចេញការណែនាំពង្រីកសេវាអ៊ីនធឺណិតសម្រាប់ប្រជាជនអ៊ីរ៉ង់ បើទោះបីជាការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើប្រទេសនេះ ចំពេលមានការតវ៉ាជុំវិញប្រទេសអ៊ីរ៉ង់ បន្ទាប់ពីការស្លាប់របស់ស្ត្រីអាយុ ២២ឆ្នាំម្នាក់នៅក្នុងមន្ទីរឃុំឃាំង។

ក្រសួងរតនាគារសហរដ្ឋអាមេរិក បានឲ្យដឹងថា តាមការយល់ឃើញរបស់ក្រសួង, Starlink គឺគ្រាន់តែផ្ដល់សេវាកម្មក្នុងទម្រង់ ឬទ្រង់ទ្រាយជាជំនួញ ដូច្នេះមិនជាប់នៅក្នុងបទបញ្ញត្តិទូទៅទេ។

លោក Musk បាននិយាយកាលពីថ្ងៃចន្ទថា លោកមានបំណងផ្តល់សេវាអ៊ីនធឺណេតតាមរយៈផ្កាយរណប Starlink ដល់ប្រជាជនអ៊ីរ៉ង់ ហើយនឹងស្នើសុំការលើកលែងទណ្ឌកម្ម ខណៈលោកបានផ្តល់រួចហើយដល់អ៊ុយក្រែនសម្រាប់ការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី៕