(ភ្នំពេញ)៖ បន្ទាប់ពីរាជរដ្ឋាភិបាន បានលុបចោលលក្ខខណ្ឌផ្សេងៗ ដោយអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ សម្រាប់អ្នកដំណើរមកពីបរទេស គេឃើញសន្ទុះនៃការចុះឈ្មោះចូលរួមទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងចាប់ផ្ដើមងើបឡើងវិញ។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។

ការលើកឡើងនេះ បន្ទាប់ពី NOCC បានប្រកាសរៀបចំទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី២៧ នៅអង្គរវត្ត ខេត្តសៀមរាប នាថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២ ខាងមុខ ខណៈទទួលបានអ្នកចុះឈ្មោះចូលរួមសរុប ២,៦៣៩នាក់ ក្នុងនោះមានខ្មែរ ១,៥៤៧នាក់ និងបរទេស ១,០៩២នាក់ ដោយអ្នកចុះឈ្មោះរត់ ២១គីឡូម៉ែត្រចំនួន ១,១៤៣នាក់, រត់ ១០គីឡូម៉ែត្រ ១,០០៥នាក់, រត់ ៥គីឡូម៉ែត្រ ៣០៨នាក់ និងរត់ ៣គីឡូម៉ែត្រ ១៨៣នាក់។

លោកបន្ដថា «ក្នុងចំណោមបរទេស ១០៩២នាក់ មានបរទេសក្នុងស្រុកជាង ៣០០នាក់ និងអ្នកមកពីក្រៅប្រទេសជាង ៧០០នាក់ អ៊ីចឹងមានន័យថា គេដឹងយើងបើកប្រទេស ដឹងថាលែងមានរបាំងនៃការត្រួតពិនិត្យខាងផ្នែកកូវីដ-១៩ យើងលែងធ្វើតេស្ដ យើងលែងសួរនាំរកវ៉ាក់សាំងអីហើយ ឲ្យតែចូលមក។ នេះគឺជាសញ្ញាណល្អមួយរបស់យើង។ អ្នករត់ដែលចូលរួមច្រើនជាងគេ គឺជនជាតិអង់គ្លេស ២៩៤នាក់ ជនជាតិអាមេរិក ១៣៤នាក់ និងជនជាតិអូស្រ្តាលី ១៣០នាក់»

លោកបន្ថែមថា ដោយសារខែធ្នូ ចំពេលជនបរទេសសម្រាកលំហែ ពិសេសប្រជាពលរដ្ឋអឺរ៉ុប ក៏ដូចជាខេត្តសៀមរាប ដែលជាគោលដៅទេសចរណ៍ដ៏ធំលើពិភពលោក លោករំពឹងថា ព្រឹត្តិការណ៍កីឡា និងទេសចរណ៍មួយនេះ នឹងទាក់ទាញភ្ញៀវបរទេសមកចូលរួមច្រើនកុះករឡើងវិញ បន្ទាប់ពីធូរស្រាលជំងឺកូវីដ-១៩។ យ៉ាងណាមិញលោកក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋខ្មែររួសរាន់ចុះឈ្មោះឲ្យបានទាន់ពេល ដើម្បីងាយស្រួលគណៈកម្មការធ្វើការរៀបចំផងដែរ។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលលើកឡើងថា «ដើម្បីឲ្យការណ៍នេះជោគជ័យ ក៏អាស្រ័យមានការចូលរួមពីប្រជាពលរដ្ឋខ្មែរដែរ។ ពលរដ្ឋខ្មែរមានទម្លាប់ជិតដល់បានចុះឈ្មោះចូលរួម ដែលបង្កលក្ខណៈលំបាកដល់ការរៀបចំ ព្រោះការរៀបចំ ត្រូវរៀបចំមុន ដូចជាមេដាយ និងសម្ភារៈ និងឧបករណ៍រត់ជាដើម ដែលត្រូវធ្វើមុន។ ការចុះឈ្មោះយឺតយ៉ាវ អាចទទួលសេវាមិនសូវបានល្អទេបានន័យថា អ្នកចុះឈ្មោះលឿន ឬចុះឈ្មោះបានមុន គឺទទួលបានសេវាល្អមុន តម្លៃថោកជាង អ្នកមកក្រោយតម្លៃរាងថ្លៃជាងបន្ដិច»

គួរដឹងថា ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង ត្រូវបានរៀបចំឡើងវិញ នៅដើមឆ្នាំ២០២២ ត្រូវនឹងខួបលើកទី២៦ បន្ទាប់ពីខកខានរៀបចំ ២ឆ្នាំ ដោយសារជំងឺរាតត្បាលជាសកលកូវីដ-១៩។ ប៉ុន្ដែការរៀបចំភ្លាមៗ ក្រោយរាជរដ្ឋាភិបាលកម្ពុជា ប្រកាសបើកដំណើរការប្រទេសឡើងវិញនេះ មានអ្នកចូលរួមតែប្រមាណ ២,៣០០នាក់ប៉ុណ្ណោះ ក្នុងនោះមានជនបរទេសដែលជាអ្នកធ្វើការ និងរកស៊ីក្នុងស្រុកប្រមាណ ២០០នាក់ គ្មានអ្នកមកពីក្រៅប្រទេសនោះទេ។ ដូច្នេះការចុះឈ្មោះចូលរួមរត់ក្នុងខួបលើកទី២៧ នាចុងឆ្នាំនេះ ឃើញថា បានបំបែកកំណត់ត្រាចាស់រួចទៅហើយ ពិសេសបរទេសមកពីក្រៅប្រទេសតែម្ដង៕