(ភ្នំពេញ)៖ ភោជនីយដ្ឋាន YUZU SUKI ដែលជាហាងអាហារបែបជប៉ុនដ៏ល្បីមកពីប្រទេសថៃ បានបើកសាខាថ្មីរបស់ខ្លួននៅកម្ពុជា ក្រោមអធិបតីភាពលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងធិការកិច្ច។

ពិធីបើសម្ពោធភោជនីយដ្ឋាននេះធ្វើនាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ មានទីតាំងនៅជាន់ទី១ ក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ស្ថិតនៅផ្លូវពាណិជ្ជកម្ម ដែលផ្សារភ្ជាប់ផ្លូវ២៧១ផ្លូវ៣៧១ ទៅកាន់ផ្លូវ៦០ម៉ែត្រ។

លោកស្រីអ្នកគ្រប់គ្រងហាង YUZU SUKI ប្រចាំប្រទេសកម្ពុជា បានឱ្យដឹងថា ភោជនីយដ្ឋាន YUZU SUKI គឺជាហាងអាហារមួយមានដើមកំណើតមកពីប្រទេសថៃ រសជាតិប្លែកមាត់ជាមួយនឹងរស់ជាតិស៊ុប ព្រមទាំងអាហារដែលមានរសជាតិឆ្ងាញ់បែបជប៉ុនជាច្រើនមុខ ដែលប្រើប្រាស់គ្រឿងផ្សំ និងប្រភេទសាច់ដែលមានគុណភាពល្អ ផ្តល់ទាំងរសជាតិ និងសុខភាព។ YUZU SUKI ផ្ដោតសំខាន់ទៅលើការផ្តល់នូវបទពិសោធន៍នៃរសជាតិបែប SHABU-SHABU ព្រមទាំងមានទឹកជ្រលក់ប្លែកៗជាច្រើនមុខ។

លោកស្រីក៏បានបន្តទៀតថា ដោយមើលឃើញពីទីផ្សារនិងសក្តានុពលលើវិស័យឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈ រួមជាមួយនឹងកំណើនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញមានសន្ទុះកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ទើបធ្វើឱ្យលោកស្រីបានសម្រេចចិត្តបណ្តាក់ទុនបង្កើតអាជីវកម្មមួយនេះឡើង ដើម្បីបម្រើសេវាកម្មលើវិស័យអាហារ។

សម្រាប់ពេលអនាគត លោកស្រីមានគម្រោងពង្រីកសាខានៅតំបន់ផ្សេងទៀតនៅភ្នំពេញ និងនៅតាមបណ្ដាខេត្ត ដើម្បីពង្រីកយីហោរបស់ខ្លួន ក៏ដូចជាលើកកម្ពស់ការប្រកបអាជីវកម្មនៅកម្ពុជាផងដែរ។

ដើម្បីអបអរសារទដល់ពិធីសម្ពោធសាខាថ្មីនេះផងដែរ អតីថិជនទាំងអស់អាចរីករាយជាមួយនឹងការបញ្ចុះតម្លៃ ១៥% គ្រប់មុខម្ហូបទាំងអស់ក្នុងហាងពេញមួយខែ គិតចាប់ពីថ្ងៃទី២៥ ខែកញ្ញា រហូតដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២៕