(ភ្នំពេញ)៖ ក្រុមហ៊ុន PropNex Cambodia ដែលជាផ្នែកមួយនៃក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យធំជាងគេលេខមួយរបស់ប្រទេសសិង្ហបុរី បានបើកសម្ពោធជាផ្លូវការនៅប្រទេសកម្ពុជា នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ នៅសណ្ឋាគារ Raffles Hotel Le Royal នៅរាជធានីភ្នំពេញ។

ក្រុមហ៊ុន PropNex Cambodia មានសេវាកម្មអចលនទ្រព្យដែលមានវិសាលភាពពេញលេញ ដូចជា ទីផ្សារសម្រាប់គម្រោងផ្សេងៗ ការជួលផ្ទះនិងអគារពាណិជ្ជកម្ម ការវិនិយោគលើដីធ្លី ការវាយតម្លៃអចលនទ្រព្យ ការប្រឹក្សានិងស្រាវជ្រាវលើអចលនាទ្រព្យ ការគ្រប់គ្រងលើអចលនទ្រព្យជាដើម។

នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនអចលនទ្រព្យ PropNex Cambodia មានភ្នាក់ងារអចលនទ្រព្យជំនាញរបស់ខ្លួនសរុបចំនួន៤០០នាក់ ហើយក្រុមហ៊ុនសង្ឃឹមថាក្រុមហ៊ុននឹងសម្រេចបាននូវបុគ្គលិកផ្នែកលក់សរុបចំនួន១០០០នាក់នៅឆ្នាំ២០២៣ខាងមុខនេះ។

លោក Alan Neo ប្រធានក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ PropNex Cambodia បានលើកឡើងថា PropNex បានមកដល់ប្រទេសកម្ពុជាក្នុងខែឧសភា ឆ្នាំ២០២១។ លោកបានជ្រើសរើសបើកដំណើរការទៅភ្នាក់ងារនៅទីនេះក្នុងអំឡុងពេលកូវីដ១៩ ព្រោះក្នុងអំឡុងពេលនោះវាជាឱកាសថ្មីមួយទៀត។ កម្ពុជាជាទីផ្សារដែលកំពុងរីកចម្រើនខ្លាំង ហើយនៅខ្វះភ្នាក់ងារដែលមានវិជ្ជាជីវៈជាច្រើន។

លោកជឿជាក់ថាអចលនទ្រព្យនៅទីនេះនឹងមានការរីកចម្រើនយ៉ាងខ្លាំងនាពេលអនាគតដ៏ខ្លីខាងមុខនេះ។ PropNex ជាភ្នាក់ងារអចលនទ្រព្យដែលបានចុះបញ្ជីត្រឹមត្រូវលំដាប់លេខ១របស់សិង្ហបុរី។ PropNex ផ្តល់នូវសេវាកម្មទូលំទូលាយលើការលក់គម្រោង ការវិនិយោគលើដីធ្លី ផ្តល់នូវសេវាកម្មប្រឹក្សាយោបល់ប្រកបដោយវិជ្ជាជីវៈខ្ពស់។ គោលដៅនិងបំណងប្រាថ្នារបស់ PropNex សម្រាប់ពេលអនាគត គឺនឹងក្លាយជាទីភ្នាក់ងារដ៏ជំនាញលំដាប់ពិភពលោក។ ហើយ PropNex ចង់ជួយដឹកនាំមនុស្សជំនាន់ក្រោយឱ្យមានជំនាញលើអចលនទ្រព្យច្បាស់លាស់។

លោកបានបន្តថា PropNex បាននិងកំពុងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលដែលទទួលស្គាល់ដោយរដ្ឋាភិបាលសិង្ហបុរី ក៏ដូចជាការនាំយកនូវប្រព័ន្ធ IT របស់សិង្ហបុរីមកកាន់កម្ពុជាជាលើកដំបូង ដែលមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជាកន្លងមក។ រឿងដ៏គួរឱ្យរំភើបជាច្រើនទៀតនឹងមកដល់ប្រទេសមួយនេះ។

លោកប្រធានក្រុមហ៊ុន PropNex Cambodia សង្ឃឹមថាអ្នកនឹងមើលឃើញពីភាពរីកចម្រើនទាំងនេះជាមួយគ្នា PropNex នឹងបន្តជ្រើសរើសដៃគូសហការដែលត្រឹមត្រូវ ឧស្សាហ៍ព្យាយាម និងផ្តល់នូវសេវាកម្មពេញលេញ។

លោកស្រី អាន ធីតា នាយិកាគ្រប់គ្រងនៃក្រុមហ៊ុន PropNex Cambodia បានថ្លែងពីគោលបំណង និងគោលដៅរបស់លោកស្រីសម្រាប់ឆ្នាំខាងមុខថា គោលដៅរបស់ PropNex សម្រាប់ឆ្នាំខាងមុខនេះ គឺអនុវត្តនូវកម្មវិធីបណ្តុះបណ្តាលដ៏ទូលំទូលាយ បន្តយកចិត្តទុកដាក់ចំពោះបុគ្គលិក និងចូលរួមចំណែកផ្តល់ត្រឡប់ទៅឱ្យប្រទេសកម្ពុជាវិញ ដោយជួយដល់ក្រុមភ្នាក់ងារអចលនទ្រព្យរបស់ PropNex ដោយមានការបង្ហាត់បង្រៀនពួកគេឱ្យក្លាយទៅជាក្រុមការងារដ៏រឹងមាំ ដើម្បីជួយដល់អតិថិជនទាំងអស់របស់ខ្លួនប្រកបដោយវិជ្ជាជីវៈខ្ពស់។ PropNex បានផ្តល់ព័ត៌មានជូនអតិថិជនទាំងអស់ តាមរយៈការចេញផ្សាយនូវបច្ចុប្បន្នភាពទីផ្សារអចលនទ្រព្យពីមួយដំណាក់កាលទៅមួយដំណាក់កាល។

នៅក្នុងកម្មវិធីនាពេលរសៀលនេះ ក៏មាននូវកម្មវិធីប្រគល់ពានរង្វាន់ដើម្បីអបអរសាទរដល់ភ្នាក់ងារអចលនទ្រព្យឆ្នើមរបស់ក្រុមហ៊ុនអចលនទ្រព្យ PropNex Cambodia ផងដែរ។ ភ្នាក់ងារអចលនទ្រព្យឆ្នើមដែលឈ្នះពានរង្វាន់ពីក្រុមហ៊ុន PropNexian Champions មានចំនួន៥៤នាក់ សម្រាប់ឆ្នាំ២០២០ ដល់ខែមីនា ឆ្នាំ២០២២កន្លងទៅនេះ។

នៅពេលរាត្រី ក្រុមហ៊ុនក៏មានកម្មវិធីទទួលទានអាហារពេលល្ងាច Gala Dinner ដើម្បីស្វាគមន៍ភ្ញៀវកិត្តិយសសរុបចំនួន២២០នាក់ ដោយមានការចូលរួមពីសំណាក់អ្នកអភិវឌ្ឍន៍អចលបទ្រព្យឈានមុខគេ និងអ្នកពាក់ព័ន្ធជាមួយវិស័យអចលនទ្រព្យជាច្រើនបានចូលរួមក្នុងព្រឹត្តិការណ៍នេះ។ ជាមួយនឹងការដង្ហែទង់ជាតិដោយក្រុមភ្នាក់ងារអចលនទ្រព្យ PropNexians ដោយភ្នាក់ងារលក់អចលនទ្រព្យម្នាក់កាន់ទង់មួយ ដើម្បីតំណាងឱ្យប្រទេសទាំងប្រាំមួយ ដែលក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ PropNex មានវត្តមាននៅក្នុងប្រទេសទាំងនោះ ដែលមានដូចជាប្រទេសសិង្ហបុរី ឥណ្ឌូណេស៊ី ម៉ាឡេស៊ី វៀតណាម អូស្ត្រាលី និងកម្ពុជា។ កម្មវិធីបន្តជាការឡើងថ្លែងសុន្ទរកថាបើកកម្មវិធីទទួលអាហារពេលល្ងាចជុំគ្នាដោយលោក Alan Neo ប្រធានក្រុមហ៊ុន PropNex Cambodia ការថ្លែងសុន្ទរកថារបស់នាយិកាគ្រប់គ្រងក្រុមហ៊ុន លោកស្រី អាន ធីតា ការថ្លែងសុន្ទរកថាដោយក្រុមហ៊ុន PropNex សិង្ហបុរី លោក Alan Lim ស្ថាបនិកក្រុមហ៊ុននិងជានាយកប្រតិបត្តិនៃក្រុមហ៊ុន និងលោក Lim Yong Hock នាយកប្រតិបត្តិសំខាន់នៃក្រុមហ៊ុន ការថ្លែងសុន្ទរកថារបស់គណៈធិបតីកិត្តិយសលោក ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងលោក Alvin Koh អនុប្រធានបេសកកម្ម និងតំណាងឯកអគ្គរដ្ឋទូតប្រទេសសិង្ហបុរីប្រចាំប្រទេសកម្ពុជា៕