(បរទេស)៖ ក្រុមហ៊ុនផ្គត់ផ្គង់ទូរគមនាគមន៍ដ៏ធំលំដាប់ពិភពលោក Ericsson បានចេញមុខមកអះអាងថាខ្លួនបានផ្គត់ផ្គង់ត្រឹមតែ Software និងបច្ចេកទេសប៉ុណ្ណេាះទៅកាន់អតិថិជននៅក្នុងប្រទេសរុស្ស៊ី ពោលគឺមិនបានលក់ឧបករណ៍ទូរគមនាគមន៍សម្រាប់បម្រើដល់ប្រព័ន្ធទូរស័ព្ទឡើយចាប់តាំងពីសង្គ្រាមអ៊ុយក្រែនបានផ្ទុះឡើង។

យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ បានឲ្យដឹងថា ការចេញមុខមកអះអាង ក៏ដូចជាការបំភ្លឺរបស់ Ericsson ខាងលើនេះត្រូវបានធ្វើឡើងបន្ទាប់ពីសារព័ត៌មានស៊ុយអែតមួយបានចេញផ្សាយថា Ericsson នៅតែបន្តផ្គត់ផ្គង់គ្រឿងទូរគមនាគមន៍ដល់ប្រទេសរុស្ស៊ី ដែលល្មើសទៅនឹងបំរាម ក៏ដូចជាទណ្ឌកម្មរបស់លោកខាងលិចមកលើប្រទេសរុស្ស៊ីដែលបានឈ្លានពានអ៊ុយក្រែន។

ក្រុមហ៊ុន Ericsson បានផ្អាកអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ីចាប់តាំងពីខែមេសា ហើយកាលពីខែសីហា បានប្រកាសថា នឹងដកខ្លួនចេញពីប្រទេសរុស្ស៊ីនៅក្នុងពេលឆាប់ៗ ខណៈដែលការផ្អាកអាជីវកម្ម និងដកខ្លួននេះបានធ្វើឲ្យ Ericsson ខាតបង់ប្រាក់ប្រមាណ ៨១ពាន់លានដុល្លារអាមេរិក។

អ្នកនាំពាក្យរបស់ក្រុមហ៊ុន Ericsson បាននិយាយនៅក្នុងសេចក្ដីថ្លែងការថា ជាទូទៅយើងបានផ្អត់ផ្គង់គ្រឿងទរគមនាគមន៍ដល់អតិថិជននៅក្នុងប្រទេសរុស្ស៊ី ដោយក្នុងនេាះរួមមានទាំង Software និងបច្ចេកទេស ប៉ុន្តែចាប់តាំងពីសេចក្ដីប្រកាសពីការដាក់ទណ្ឌកម្មត្រូវបានប្រកាសជាផ្លូវការ, Ericsson ក៏ឈប់លក់គ្រឿងទូរគមនាគមន៍ទៅកាន់ទីផ្សារប្រទេសរុស្ស៊ី។

សារព័ត៌មានស៊ុយអែតបានចេញផ្សាយថា Ericsson បានផ្គត់ផ្គង់គ្រឿងបរិក្ខាទូរគមនាគមន៍ទៅកាន់ប្រទេសរុស្ស៊ីសម្រាប់ប្រើនៅក្នុងវិស័យយោធា ប៉ុន្តែ Ericsson បានបដិសេធ និងអះអាងថា ផលិតផលរបស់ខ្លួនមិនមែនបង្កើតឡើងសម្រាប់យោធាទេ៕