(ភ្នំពេញ)៖ កីឡាករជម្រើសជាតិកីឡាលើកទម្ងន់កម្ពុជា ឌុច ប៊ុនរ័ត្ន បានខំប្រឹងហ្វឹកហាត់យ៉ាងខ្លាំង ក្រោយត្រឡប់ពីប្រកួតកីឡាស៊ីហ្គេម ប្រទេសវៀតណាម ពិសេសការចេញទៅបោះជំរំហ្វឹកហាត់រយៈពេលវែង នៅប្រទេសចិន ហើយគេសង្ឃឹមថា ការលះបង់ញើសឈាមរបស់ខ្លួន នឹងអាចដណ្ដើមបានមេដាយជូនជាតិ ក្នុងនាមម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខ។

កីឡាករមានដើមកំណើតពីខេត្តបាត់ដំបងរូបនេះ បានឲ្យដឹងថា សម្រាប់ការចូលរួមលើកដំបូង ក្នុងស៊ីហ្គេម លើកទី៣១ នៅវៀតណាម ខ្លួនទទួលបានចំណាត់ថ្នាក់លេខ៤ ក្នុងចំណោម ៧ប្រទេស(ឥណ្ឌូនេស៊ី លេខ១ ថៃ លេខ២ ហ្វីលីពីន លេខ៣ កម្ពុជា លេខ៤ វៀតណាម លេខ៥ ម៉ាឡេស៊ី លេខ៦ និងទីម័រខាងកើត លេខ៧)។ ប៊ុនរ័ត្ន បានទទួលស្គាល់ពីចំណុចខ្វះខាតរបស់ខ្លួន តែគេសប្បាយចិត្ត ដែលបានចូលរួម និងទទួលបានបទពិសោធន៍ល្អៗជាច្រើន ដើម្បីជំរុញដល់ការហ្វឹកហាត់បន្ទាប់។

ឌុច ប៊ុនរ័ត្ន បន្ដថា «ចំពោះបទពិសោធន៍ ដែលខ្ញុំទទួលបានពីការប្រកួតស៊ីហ្គេមលើកដំបូង នៅវៀតណាម ខ្ញុំយល់ឃើញថា ទាំងទម្រង់ និងបច្ចេកទេស ខ្ញុំបានកែប្រែបានល្អប្រសើរជាងមុន ព្រោះអ្វីខ្ញុំបានចាប់អារម្មណ៍មើលកីឡាករគេ ថាមុនគេចូលហ្វឹកហាត់ ឬប្រកួត គេធ្វើយ៉ាងណា ឬគេមានរបៀបកម្ដៅសាច់ដុំយ៉ាងម៉េច? អ៊ីចឹងតាក់ទិច ដែលយើងបានឃើញ យើងអាចយកមកសិក្សាបន្ថែម និងស្វែងរក Youtube ពិសេសលោកគ្រូ-អ្នកគ្រូ ដែលគាត់បានស្វះស្វែងផ្ដល់ជាយោបល់ និងទិចនិកបន្ថែម។ ដូច្នេះតាំងកម្លាំងកាយ និងទិចនិក បូកផ្សំបញ្ចូលគ្នាជាមួយការហ្វឹកហាត់ យើងអាចបង្កើនសមត្ថភាពជាងមុន ធ្វើឲ្យលទ្ធភាព និងសមត្ថភាពពួកខ្ញុំ អាចសង្ឃឹមក្នុងការប្រជែងមេដាយជាងមុន»

យ៉ាងណាក្ដី រូបគេបានអះអាងថា ត្រូវការការខំប្រឹងហ្វឹកហាត់កាន់តែខ្លាំងបន្ថែមទៀត ពិសេសក្នុងឱកាសចេញទៅហ្វឹកហាត់នៅចិន តាមរយៈគណៈកម្មាធិការជាតិ CAMSOC កាលពីថ្មីៗ ដោយគេបានតាំងចិត្តយ៉ាងមុតមាំថា នឹងខិតខំលះបង់អស់ពីកម្លាំងកាយចិត្ត ពោលគឺការលះបង់ដោយដោះដូរញើសឈាមផ្ទាល់ ដើម្បីឆ្ពោះទៅដណ្ដើមមេដាយជូនជាតិមាតុភូមិ និងប្រជាជនទាំង ១៧លាននាក់នៅកម្ពុជា។ ប៊ុនរ័ត្ន សង្កត់ធ្ងន់ថា «គោលដៅរបស់ខ្ញុំ ខ្ញុំចង់បានមេដាយប្រាក់។ អ៊ីចឹងការលះបង់ និងញើសឈាម ដែលខ្ញុំខំប្រឹង ខ្ញុំសង្ឃឹមថា នឹងទទួលបាន»

កីឡាករទើបផ្ដើមអាជីពកីឡាលើកទម្ងន់ កាលពីឆ្នាំ២០១៨ រូបនេះ បន្ថែមថា «ខ្ញុំធ្លាប់ប្រៀបធៀបថា ខ្ញុំអត់បានមេដាយ តើកីឡាករប្រទេសផ្សេង គាត់ហាត់បែបណា ទើបទទួលបានមេដាយ? អ៊ីចឹងបើសិនពួកគាត់លះបង់ខ្លាំង ខ្ញុំនឹងត្រូវលះបង់ឲ្យខ្លាំងលើសពីពួកគាត់ ទោះបីជាឆ្នាំនេះ ខ្ញុំធ្វើមិនបានល្អ ឆ្នាំក្រោយខ្ញុំនឹងព្យាយាមឲ្យអស់ពីសមត្ថភាព។ និយាយរួមទៅកីឡាមួយនេះ ខ្ញុំគិតថា ១ឆ្នាំ ២ឆ្នាំ ខ្ញុំពិបាកនឹងទទួលបានមេដាយ ព្រោះអីខ្ញុំធ្លាប់ប្រៀបធៀបខ្លួនឯងជាមួយដៃគូ កីឡាករខ្លះគាត់ធ្លាប់តាំងពីអាយុ ១១ឆ្នាំ រហូតដល់អាយុប្រហែលខ្ញុំ ចឹងសមត្ថភាពពួកគាត់ខ្លាំងជាងខ្ញុំ ខ្ញុំទទួលស្គាល់។ ហេតុនេះ ខ្ញុំអត់មានអ្វីក្រៅពីសិក្សាពីពួកគាត់បន្ថែម ហើយគោលបំណងរបស់ខ្ញុំ ចង់ឲ្យខ្លាំងដូចគាត់ និងទទួលបានមេដាយប្រាក់ ក្នុងស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា»៕