(បរទេស)៖ ក្រុមហ៊ុនឌីហ្សាញបន្ទះឈីប Arm របស់ចក្រភពអង់គ្លេសបានប្រកាសបង្ហាញនាពេលថ្មីៗនេះថា ខ្លួនបានតែងតាំងអតីតប្រធានហិរញ្ញវត្ថុ (CFO) ក្រុមហ៊ុន Splunk Inc លោក Jason Child ជាប្រធានហិរញ្ញវត្ថុថ្មីរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២។
យោងតាមខ្លឹមសារចេញផ្សាយក្រុមហ៊ុន Arm បាននិយាយថាលោក Child នឹងលាលែងពីតំណែងជាប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Splunk Inc នៅថ្ងៃទី២៧ ខែកញ្ញា នេះ។ ខណៈ Arm បានបន្តទៀតថាលោក Child នឹងបន្តតំណែងពីលោក Inder Sigh ហើយចូលរួមជាមួយក្រុមហ៊ុនចាប់ពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំនេះតទៅ។
ជាមួយគ្នានេះនាយកប្រតិបត្តិក្រុមហ៊ុន Arm លោក Rene Haas បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «បទពិសោធន៍របស់ Child ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុនៅក្រុមហ៊ុនសារធារណៈ ដែល Arm គ្រោងនឹងផ្តល់ជូន IPO នឹងមានតម្លៃមិនអាចកាត់ថ្លៃបានក្នុងការរៀបចំសម្រាប់ការចុះបញ្ជីសាធារណៈដែលមានសក្តានុពល»។
លើសពីនេះទៅទៀតការតែងតាំងប្រធានផ្នែកហិរញ្ញវត្ថុថ្មីនេះ ត្រូវបានធ្វើឡើងនៅពេលដែល SoftBank Group Corp រៀបចំសម្រាប់ការផ្តល់ជូនជាសាធារណៈដំបូង (IPO) ក្រុមហ៊ុន Arm បន្ទាប់ពីកិច្ចព្រមព្រៀងលក់របស់ខ្លួនទៅឱ្យ Nvidia Corp បានបរាជ័យ៕