(ប៊ូដាផេស)៖ ក្រុមបាល់ទាត់ជម្រើសជាតិអាសូរីអ៉ីតាលី បានឈ្នះកៅអី១ ដើម្បីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន អឺរ៉ុប UEFA Nations League 2022-2023 បន្ទាប់ពីបំបាក់ម្ចាស់ផ្ទះហុងគ្រី ២ទល់នឹង០ រួចមកបញ្ចប់ League A ក្រុមទី៣។

នេះមានន័យថា អ៉ីតាលីបានយកឈ្នះហុងគ្រីទាំង ២ជើងដូចទៅនឹងលទ្ធផលឈ្នះ ២ទល់នឹង១ កាលជើងទី១ នៅទឹកដី San Siro ផងដែរ។

យ៉ាងណា វាក៏បានក្លាយជាជ័យជម្នះលើកដំបូងនៅទីក្រុង Budapest សម្រាប់អ៉ីតាលីផងដែរ គិតចាប់តាំងពីឆ្នាំ១៩៩៦ មក នៅពេលកីឡាករចាំទី Gianluigi Donnarumma ដែលត្រូវបានជ្រើសរើសចេញពីក្លិបអាជីព Paris Saint-Germain ធ្វើការសង្រ្គោះបាល់ជាច្រើនដងនៅចុងម៉ោង ដើម្បីជួយក្រុមដែលដឹកនាំដោយលោក Roberto Mancini ទទួលបានជ័យជម្នះ ២លើកចុងក្រោយនេះ។

អ៉ីតាលី បានបញ្ចប់នៅចំណាត់ថ្នាក់កំពូលតារាងនៃ Group A3 ជាមួយនឹង ១១ពិន្ទុពី ៦ប្រកួតរបស់ពួកគេ ដោយនាំមុខក្រុមលេខ២ ហុងគ្រី ១ពិន្ទុ នៅពេលអាល្លឺម៉ង់ឈរលេខ៣ ក្រោយពេលលេងស្មើជាមួយម្ចាស់ផ្ទះអង់គ្លេស ៣-៣ នាយប់មិញនេះផងដែរ។

អ៉ីតាលី ដែលធ្លាក់ក្នុងវគ្គជម្រុះស្វែងរកកៅអីទៅលេង World Cup 2022 នៅប្រទេសកាតាចុងឆ្នាំនេះ បានចូលរួមជាមួយ ក្រូអាត និងហូឡង់ក្នុងការឡើងទៅវគ្គ ៤ក្រុមចុងក្រោយដែលនឹងធ្វើឡើងនាខែមិថុនា ឆ្នាំ២០២៣ ខាងមុខ ដ្បិតជំនួបរវាងព័រទុយហ្គាល់ទល់នឹងអេស្ប៉ាញនារាត្រីថ្ងៃអង្គារនេះ ដើម្បីកាត់ក្តីរក ១ក្រុមចុងក្រោយ៕