(អាមេរិក)៖ តារាសម្តែងល្បីឈ្មោះរបស់អាមេរិក និងជាកីឡាកាស គឺលោក ចន ស៉ីណា បានបំបែកកំណត់ត្រាពិភពលោក «Guinness World Records» ចំពោះការបានផ្តល់ក្តីសង្ឃឹមដល់មនុស្សច្រើនបំផុតរហូតដល់ ៦៥០នាក់ តាមរយៈមូលនិធិ «Make-A-Wish»។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Straits Times។

យោងតាមសេចក្តីប្រកាសរបស់ Guinness World Records ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ខ្លួននាពេលថ្មីៗនេះបានឲ្យដឹងថា តារាប្រុសវ័យ៤៥ឆ្នាំ ចន ស៉ីណា គឺជាតារាដែលមានការស្នើសុំច្រើនបំផុត សម្រាប់អង្គការមិនរកប្រាក់ចំណេញ។ បន្ថែមពីនេះ លោកក៏ជាតារាល្បីបំផុតម្នាក់ផងដែរ រហូតមកទល់នឹងបច្ចុប្បន្ននេះ ដែលផ្តល់ក្តីសង្ឃឹមដល់មនុស្សច្រើនជាង២០០នាក់ ចាប់តាំងពីមូលនិធិ «Make-A-Wish» បានចាប់ផ្តើមនៅឆ្នាំ១៩៨០។

តាមរយៈមូលនិធិនេះ លោក ចន ស៉ីណា ត្រូវបានគេដឹងថា ជួយបំពេញបំណងប្រាថ្នារបស់កុមារដែលមានជំងឺធ្ងន់ធ្ងរអាយុចន្លោះពី៣ ដល់១៨ឆ្នាំ ចាប់តាំងពីឆ្នាំ២០០៤ ផងដែរ។ គេហទំព័រ Guinness World Records ក៏បានធ្វើការកត់សម្គាល់ផងដែរ ពាក់ព័ន្ធនឹងលោក ចន ស៉ីណា ដោយបញ្ជាក់ថា ជាធម្មតាលោកតែងតែនាំឲ្យខ្សែក្រវ៉ាត់ជើងឯករបស់ខ្លួន ទៅបង្ហាញដល់ក្មេងៗអំឡុងពេលបង្ហាញខ្លួនក្នុងកម្មវិធី «Make-A-Wish» ហើយកាន់តែពិសេស មានពេលខ្លះលោកបានអញ្ជើញកុមារៗចូលក្នុងសង្វៀន ដើម្បីទស្សនាលោកលេងកីឡាចំបាប់ផងដែរ៕