(ទីក្រុងឡុងដ៍)៖ បណ្តាញសង្គម TikTok ដែលជាកម្មវិធីចែករំលែកវីដេអូដ៏ពេញនិយម កំពុងប្រឈមមុខនឹងការផាកពិន័យខ្ទង់ ២៩លានដុល្លារ បន្ទាប់ពីការិយាល័យស្នងការព័ត៌មានរបស់ចក្រភពអង់គ្លេស (ICO) បានរកឃើញព័ត៌មានបណ្តោះអាសន្នថា ក្រុមហ៊ុននេះបានបំពានច្បាប់ការពារទិន្នន័យកុមារក្នុងរយៈពេល ២ឆ្នាំកន្លងមកនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២។

ការបំពានច្បាប់ដែលបានចោទប្រកាន់បានកើតឡើងចាប់ពីខែឧសភា ឆ្នាំ២០១៨ ដល់ខែកក្កដា ឆ្នំា២០២០ ដោយ ICO បានកត់សម្គាល់ថា TikTok «បានអនុញ្ញាត» ទៅលើដំណើរការទិន្នន័យរបស់កុមារដែលមានអាយុក្រោម ១៣ឆ្នាំដោយគ្មានការយល់ព្រមពីឪពុកម្តាយ។ លើសពីនេះទៅទៀត ICO បានបន្ថែមទៀតថា TikTok «មិនបានផ្តល់ព័ត៌មានត្រឹមត្រូវដល់អ្នកប្រើប្រាស់របស់ខ្លួន ជាពិសេសឪពុកម្តាយក្មេងក្នុងកម្មវិធីសង្ខេប, តម្លាភាព និង វិធីតាមដានការប្រើប្រាស់របស់កុមារ» ហើយថែមទាំង «អនុញ្ញាតឱ្យកុមារអាចដំណើរការទិន្នន័យប្រភេទពិសេស ដែលសំដៅទៅលើទិន្នន័យផ្ទាល់ខ្លួននៅក្នុងផ្នែករស៊ើបដូចជា ទំនោរផ្លូវភេទ ជំនឿសាសនា និងគំនិតនយោបាយជាដើម ដោយគ្មានមូលដ្ឋានផ្លូវច្បាប់ត្រឹមត្រូវ» ថែមទៀតផង។

ជុំវិញបញ្ហានេះស្នងការព័ត៌មានលោក John Edwards បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងទាំងអស់គ្នាចង់ឱ្យកុមារអាចរៀន និងទទួលបានបទពិសោធន៍ពីពិភពឌីជីថល ប៉ុន្តែជាមួយនឹងការការពារឯកជនភាពទិន្នន័យត្រឹមត្រូវ»។ ក្នុងករណីនេះ «ក្រុមហ៊ុនដែលផ្តល់សេវាឌីជីថលត្រូវមានកាតព្វកិច្ចផ្លូវច្បាប់ក្នុងការដាក់ការការពារទាំងនោះ ប៉ុន្តែរូបភាពបណ្តោះអាសន្នរបស់យើងគឺថា TikTok កំពុងខ្វះការបំពេញតម្រូវការនោះ»

យ៉ាងណាមិញ ICO បានគូសបញ្ជាក់ថា ការរកឃើញរបស់ខ្លួនគឺ ស្ថិតនៅក្នុងការចោទប្រកាន់ «បណ្តោះអាសន្ន» ហើយកំពុងតែបន្តការស៊ើបអង្កេតលើ TikTok បន្តទៀត ប្រសិនបើរកឃើញភស្តុតាងថ្មីបន្ថែមពីនេះទៀតនោះ ខ្លួននឹងចេញការផាកពិន័យជាអតិបរមាដល់ទៅ ៤ភាគរយ នៃប្រាក់ចំណូលសកលប្រចាំឆ្នាំរបស់ TikTok ក្រោម GDPR របស់សហភាពអឺរ៉ុប ដែលបានចែងនៅក្នុងច្បាប់របស់ចក្រភពអង់គ្លេស។

គួរបញ្ជាក់ដែរថា TikTok ឥឡូវនេះមានពេល ៣០ថ្ងៃដើម្បីឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់ ICO។ ប្រសិនបើបណ្តាញសង្គមនេះមានភស្តុតាងគ្រប់គ្រាន់ដើម្បីការពារការដោះស្រាយទិន្នន័យរបស់កុមារនោះ ICO អាចកាត់បន្ថយទំហំនៃការពិន័យ ឬអាចនឹងលុបចោលមិនដាក់ពិន័យទាំងស្រុងនេះក៏ថាបាន៕