(បរទេស)៖ របស់របរជាច្រើន រាប់ចាប់តាំងពីរថយន្តម៉ាក Aston Martin DB5 និងសម្លៀលបំពាក់ ដែលប្រើប្រាស់ដោយកំពូលតារាសម្តែង Daniel Craig នៅក្នុងរឿង «No Time to Die» និងវត្ថុអនុស្សាវរីយ៍ជាច្រើនទៀត ដែលដាក់លម្អក្នុងរឿងនេះ គឺត្រូវបានប្រមូលមកដាក់ដេញថ្លៃទាំងអស់ ដើម្បីយកប្រាក់ទៅធ្វើការងារសប្បុរសធម៌ ខណៈកម្មវិធីនេះត្រូវបានធ្វើឡើង ដើម្បីអបអរខួប៦០ នៃខ្សែភាពយន្តមួយនេះ រាប់ចាប់តាំងពីវគ្គដំបូងមក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២។

ការដាក់លក់ដេញថ្លៃ ត្រូវបានធ្វើឡើងជាពីរផ្នែក តាមរយៈការដេញថ្លៃដោយការផ្សាយផ្ទាល់នៅថ្ងៃពុធសប្តាហ៍នេះ និងការដេញថ្លៃតាមអនឡាញ ដែលបានបើកឲ្យដេញថ្លៃរហូតដល់ថ្ងៃ «James Bond Day» ដែលគេកំណត់ថា ជាថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ខាងមុខ ពោលគឺត្រូវបានគេចាត់ទុកថា ជាកាលបរិច្ឆេទដែលប្រទេសនានាលើពិភពលោក បានដាក់បញ្ចាំងជាលើកដំបូង សម្រាប់ខ្សែភាពយន្តស្តីពីភ្នាក់ងារសម្ងាត់អង់គ្លេស «Dr.No» ក្នុងឆ្នាំ១៩៦២។

ក្នុងចំណោមរបស់របរដែលត្រូវបានដាក់ដេញថ្លៃ វត្ថុដែលនាំមុខគេ គឺជារថយន្ត ដែលប្រើក្នុងរឿង «No Time to Die» ដែលត្រូវបានគេប៉ាន់ប្រមាណថា នឹងលក់បានទឹកប្រាក់ចន្លោះពី ១.៦២លានដុល្លារ ទៅ ២.១៦លានដុល្លារ។ បន្ថែមពីនេះ គឺមានរបស់របរផ្សេងៗជាច្រើនទៀត ដែលត្រូវបានប្រើប្រាស់ក្នុងរឿងនេះ រួមមានសម្លៀកបំពាក់ និងរបស់លម្អជាច្រើន។

គួរជម្រាបថា ការដេញថ្លៃរបស់របរទាំងនេះ ត្រូវបានរាយការណ៍ថា គឺដើម្បីប្រមូលប្រាក់ ដើម្បីទៅជួយដល់កិច្ចការងារសប្បុរធម៌ផ្សេងៗ ទៅតាមអង្គការសប្បុរសធម៌ផ្សេងៗគ្នា ត្បិតថារបស់របរទាំងនោះ គឺសុទ្ធសឹងតែបានផ្សារភ្ជាប់ ទៅនឹងតួអង្គដ៏ល្បីគឺ James Bond៕