(កូរ៉េ)៖ អ្នករៀបចំកម្មវិធីបានប្រកាស នៅថ្ងៃច័ន្ទសប្តាហ៍នេះថា ទីក្រុង Busan នឹងត្រូវបានបំភ្លឺដោយភ្លើងពណ៌ស្វាយ ដែលជាពណ៌តំណាងរបស់ក្រុម BTS ខណៈព្រឹត្តិការណ៍នេះ ត្រូវបានធ្វើឡើង នៅមុនពេល និងក្រោយពេល នៃការប្រគំតន្ត្រីរបស់ BTS រយៈពេលមួយថ្ងៃ នៅទីនោះ ដែលនឹងចាប់ផ្តើមនៅខែតុលារខាងមុខនេះ។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Koreatimes នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២។

Hybe ដែលជាក្រុមហ៊ុនកម្រាន្តនៅពីក្រោយក្រុម BTS បានប្រកាសឲ្យដឹងនៅលើ Weverse ថា ខ្លួននឹងរៀបចំគម្រោង «The City» ដើម្បីអបអរសាទរការប្រគំតន្ត្រី «Yet To Come» របស់ BTS នៅទីក្រុង Busan ខណៈការប្រគំតន្រ្តីនេះទៀតសោត ត្រូវបានបញ្ជាក់ថា អនុញ្ញាតឲ្យមានការចូលទស្សនាដោយឥតគិតថ្លៃ ដែលបានកំណត់ធ្វើឡើងនៅថ្ងៃទី១៥ ខែតុលា នៅកីឡដ្ឋាន Asiad Main Studium។ ព្រឹត្តិការណ៍ប្រគំតន្ត្រីនេះ ត្រូវបានធ្វើឡើង ដើម្បីគាំទ្រដល់ការដេញថ្លៃរបស់ទីក្រុងនេះ ធ្វើជាម្ចាស់ផ្ទះពិព័រណ៍ពិភពលោក World Expo ឆ្នាំ២០២៣។

គម្រោង «The City» គឺសម្រាប់ផ្តល់ជូននូវព្រឹត្តិការណ៍កម្សាន្តផ្សេងៗ ទាក់ទងនឹងសកម្មភាព K-POP នៅក្នុងទីក្រុងដែលការប្រគំតន្ត្រីរបស់ខ្លួន ត្រូវបានធ្វើឡើងមុន និងក្រោយកម្មវិធី។ Hybe បានរៀបចំគម្រោងនេះ ជាលើកដំបូង ក្នុងអំឡុងពេលការប្រគំតន្រ្តីនៅ Las Vegas របស់ក្រុម BTS ដែលធ្វើឡើងកាលពីខែមេសាកន្លងទៅ៕