(បរទេស)៖ ក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ធំលំដាប់ពិភពលោក Apple បានប្រកាសបង្ហាញឱ្យដឹងថា ស្មាតហ្វូន iPhone 14 ជំនាន់ថ្មីរបស់ខ្លួនឥឡូវនេះកំពុងឈានជើងចូលផលិតកម្ម និងត្រូវបានដំឡើងនៅក្នុងប្រទេសឥណ្ឌា នៅឯរោងចក្រ Foxconn ក្បែរទីក្រុង Chennai។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២។

នេះជាលើកដំបូងដែល Apple សម្រេចចាប់ផ្តើមផលិត iPhone ជំនាន់ក្រោយបំផុតមួយរបស់ខ្លួនភ្លាមៗ ត្រឹមតែរយៈពេលប៉ុន្មានសប្តាហ៍ក្រោយការប្រកាសជាផ្លូវការរបស់ខ្លួន ខណៈកន្លងមកបន្ទាប់ពីការប្រកាសបង្ហាញបែបនេះ Apple នឹងត្រូវពន្យាពេលយ៉ាងយូរទើបចាប់ផ្តើមចូលផលិតកម្មម្តងទៀត។ យ៉ាងណាមិញកញ្ចប់ទី១នៃ iPhone 14 ដែលផលិតនៅក្នុងប្រទេសឥណ្ឌា ត្រូវបានគេរំពឹងថា នឹងដាក់លក់នៅចុងឆ្នាំនេះតែម្តង។

យោងតាមខ្លឹមសារចេញផ្សាយ Apple មិនមែនទើបតែចូលខ្លួនផលិតក្នុងប្រទេសឥណ្ឌាជាលើកដំបូងនោះទេ ដោយឡែក Apple បានចាប់ផ្តើមផលិត iPhone ក្នុងប្រទេសឥណ្ឌា ចាប់តាំងពីឆ្នាំ ២០១៧មកម្លេះ ជាមួយនឹងម៉ូដែល iPhone SE ជំនាន់ទីមួយរបស់ខ្លួន។ ចាប់តាំងពីពេលនោះមកមាន iPhone ជំនាន់ថ្មីជាបន្តបន្ទាប់ដែលបានចេញលក់ដោយភាគច្រើនគឺត្រូវបានផលិតនៅក្នុងប្រទេសឥណ្ឌា ហើយសូម្បីតែ iPhone 13 ក៏ជាផ្នែកមួយដ៏ធំដែលផលិតនៅទីនោះផងដែរ។

គួរបញ្ជាក់ដែរថា Apple ផ្តល់អាទិភាពខ្ពស់នៅក្នុងប្រទេសឥណ្ឌាត្រូវបានគេអះអាងថា Apple ទំនងជាចង់សំន្សំសំចៃពន្ធនាំចូលជាមួយនឹង iPhone ថ្មីៗដោយនៅទីនោះទាំងថ្លៃបុគ្គលិក និងសេវាកម្មផ្សេងៗគឺមានតម្លៃសមរ្យ។ មួយវិញទៀត J.P.Morgan បានព្យាករណ៍ថា Apple អាចនឹងផលិតបានរហូតដល់ទៅ ២៥ភាគរយនៃ iPhone ទាំងអស់នៅក្នុងប្រទេសឥណ្ឌាគិតត្រឹមឆ្នាំ ២០២៥នេះថែមទៀតផង៕