(ភ្នំពេញ)៖ បន្ទាប់ពីសម្រាកជាង ១ខែ ក្នុងឱកាស FIFA Day និងពិធីបុណ្យភ្ជុំបិណ្ឌ ការប្រកួតបាល់ទាត់ក្របខណ្ឌលីគកំពូលកម្ពុជា (CPL) នឹងត្រឡប់មកវិញ នាថ្ងៃទី០១ ខែតុលាចុងសប្ដាហ៍នេះ ជាមួយកម្មវិធីប្រកួតដ៏ជក់ចិត្ត សម្រាប់សប្ដាហ៍ទី១៨ ពិសេសក្រុមភ្នំពេញក្រោន ត្រូវជួបក្រុមខ្លាំងវិសាខា ខណៈក្រុមណាហ្គាវើលដ៏ នឹងត្រូវបើកទ្វារផ្ទះថ្មី ពោលគឺកីឡដ្ឋានខេត្តកំពង់ស្ពឺ ដែលត្រូវស្វាគមន៍ការប្រកួតផ្លូវការលើកដំបូង ជាមួយក្រុមគិរីវង់សុខសែនជ័យ។

ជំនួបជើងទី៣ រវាងក្រុមភ្នំពេញក្រោន និងវិសាខា ត្រូវបានចាត់ទុកជាគូឯកប្រចាំសប្ដាហ៍នេះ ដ្បិតក្រុមខ្លាំងទាំងពីរ កំពុងស្រេចឃ្លានជ័យជម្នះរៀងៗខ្លួន ដើម្បីរក្សាឱកាសប្រជែងពាន ពិសេសភ្នំពេញក្រោន ដែលត្រូវការពិន្ទុបន្ថែម ដើម្បីរក្សាកៅអី Top-4 ។ លទ្ធផលជួបគ្នា ២ជើងកន្លងមក ក្រុមទាំងពីរ បានត្រឹមចែកគ្នា ១ពិន្ទុម្នាក់ ក្រោយប្រកួតស្មើគ្នា ០-០ នៅទឹកដី Smart RSN មុនវិសាខា បានយកឈ្នះភ្នំពេញក្រោន ៣-១ ក្នុងជើងទី២ នៅលើទឹកដីកីឡដ្ឋានព្រីនស៍ ។ ដូច្នេះចាំមើលជើងទី៣ នេះ ក្រុមណានឹងទទួលបានជ័យជម្នះ?

ក្រឡេកទៅក្រុមណាហ្គាវើលដ៏វិញ បន្ទាប់ពីប្រើប្រាស់កីឡដ្ឋានរបស់ក្លិបដទៃជាច្រើនរដូវកាលកន្លងមក ពេលនេះ ពួកគេមានមូលដ្ឋានផ្ទាល់ខ្លួនហើយ ដោយប្រើប្រាស់កីឡដ្ឋានខេត្តកំពង់ស្ពឺ ក្រោយកីឡដ្ឋានស្ដង់ដារអន្ដរជាតិនេះ បានសាងសង់រួចរាល់ជាស្ថាពរ ក្រោមគំនិតផ្ដួចផ្ដើមរបស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(សសយក) និងជាអ្នកតំណាងរាស្ដ្រខេត្តកំពង់ស្ពឺ ដែលទើបសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ ។

ដូច្នេះការប្រកួតជាមួយក្រុមគិរីវង់សុខសែនជ័យ នាចុងសប្ដាហ៍នេះ គឺជាប្រកួតផ្លូវការដំបូង ដែលណាហ្គាវើលដ៏ បានប្រើប្រាស់កីឡដ្ឋានខេត្តកំពង់ស្ពឺ ក្នុងជំនួបក្របខណ្ឌ Cambodian Premier League 2022 សប្ដាហ៍ទី១៨ ។ ចាំមើលតើណាហ្គាវើលដ៏ អាចស្វែងរក ៣ពិន្ទុបានទេ ក្នុងជំនួបជើងទី៣ ដែលជាការប្រកួតបើកសម្ពោធផ្ទះថ្មីនេះ? សម្រាប់ជំនួប ២ជើងកន្លងមក ណាហ្គាវើលដ៏ បានយកឈ្នះក្រុមមាន់គក់គិរីវង់ ដោយលទ្ធផល ២-១ ដូចគ្នា ។

ដោយឡែកកម្មវិធីប្រកួត ២គូផ្សេងទៀត ក្នុងសប្ដាហ៍ទី១៨ រួមមានក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀង ជួបក្រុមម្ចាស់ផ្ទះកងយោពលខេមរភូមិន្ទ នៅកីឡដ្ឋានស្ដាតចាស់ និងក្រុមបឹងកេត បើកទ្វារផ្ទះទទួលក្រុមភ្ញៀវអង្គរថាយហ្គឺរ ។

គិតត្រឹមសប្ដាហ៍ទី១៧ ក្រុមព្រះខ័នរាជស្វាយរៀង កំពុងឈរកំពូលតារាង មាន ៣៩ពិន្ទុ តាមពីក្រោយដោយក្រុមវិសាខា មាន ៣៤ពិន្ទុ ។ រីឯក្រុមបឹងកេត ឈរលេខ៣ មាន ៣១ពិន្ទុ ខណៈក្រុមភ្នំពេញក្រោន ឈរលេខ៤ មាន ២៦ពិន្ទុ និងក្រុមណាហ្គាវើលដ៏ ឈរលេខ៥ មាន ២០ពិន្ទុក្នុងដៃ៕