(បរទេស)៖ កំពូលមហាសេដ្ឋីលំដាប់ពិភពលោកភាគច្រើនបានបង្កើតនូវមូលនិធិផ្ទាល់ខ្លួនដើម្បីបរិច្ចាកប្រាក់ ក្នុងគោល ដៅ ផ្សេងៗ ជាក់ស្ដែងលោក Bill Gate និងអតីតភរិយាគឺលោកស្រី Melinda French Gates បានបង្កើតមូលនិធិរួមគ្នា មួយ ដែលមានឈ្មោះថា «Bill & Melinda Gates Foundation»។

មូលនិធិមួយនេះ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០០០ ក្នុងគោលដៅចម្បងបង្កើនការថែទាំសុខភាព និងកាត់បន្ថយភាពក្រីក្រខ្លាំងនៅទូទាំងពិភពលោក ព្រមទាំងជំរុញដល់វិស័យបច្ចេកវិទ្យា និងអប់រំ ក្រោមជំនួយផ្ទាល់ពី លោក Bill Gate និងភរិយា ព្រមទាំងពីសំណាក់កំពូលមហាសេដ្ឋី Warren Buffett។

គិតមកដល់ពេលនេះ មូលនិធិ «Bill & Melinda Gates Foundation» មានអាយុកាល ២២ឆ្នាំ ខណៈដែល កាលពីថ្មីៗនេះ លោក Bill Gate ទើបតែបរិច្ចាកទឹកប្រាក់ ២០ពាន់លានដុល្លារអាមេរិកបន្ថែមទៀត។

តើមូលនិធិ «Bill & Melinda Gates Foundation» គិតមកដល់ពេលនេះមានហិរញ្ញវត្ថុសរុបជាទឹកប្រាក់ចំនួនប៉ុន្មានហើយ?

យោងតាមសេចក្ដីប្រកាសរបស់ «Bill & Melinda Gates Foundation» បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០គឺ មានហិរញ្ញវត្ថុសរុបជាទឹកប្រាក់ចំនួន ៥០ពាន់លានដុល្លារ ដូច្នេះបូកបន្ថែម ២០ពាន់លានដុល្លារ ដែលលោក Bill Gate ទើបតែបរិច្ចាកទៀតគឺមានចំនួនសរុប ៧០ពាន់លានដុល្លារ។

ទាំងនេះគឺជាតួលេខនៃហិរញ្ញវត្ថុដែលទទួលបានពីការបរិច្ចាក ប៉ុន្តែចំពោះតួលេខនៃការចំណាយវិញយើងមិនទាន់ រក បាន នោះទេ។

គួរបញ្ជាក់ផងដែរថា លោក Bill Gate បានថ្លែងនៅក្នុងព្រឹត្តិការណ៍ 2022 Forbes 400 Philanthropy Summit របស់ ទស្សនាវដ្ដី Forbes កាលពីថ្មីៗនេះថា លោកនឹងដំណើរការមូលនិធិ «Bill & Melinda Gates Foundation» នៅក្នុង រយៈ ពេល ២៥ឆ្នាំទៅមុខបន្ថែមទៀត ប៉ុន្តែមិនបានបញ្ជាក់ថា ក្រោយពីរយៈពេល ២៥ឆ្នាំនោះកន្លងផុតទៅ មូលនិធិមួយនេះ នឹងត្រូវបិទ ឬមួយយ៉ាងណានោះទេ៕