(បរទេស)៖ អ្នកគាំទ្រ WhatsApp ទំនងជាលែងពិបាកក្នុងការ Call ជាក្រុមដូចមុនទៀតហើយ ដោយពេលថ្មីៗនេះ WhatsApp ទើបប្រកាសចេញមុខងារថ្មីសន្លាងមួយដែលមានឈ្មោះថា «Call Links»។ ពោលគឺ អ្នកប្រើប្រាស់គ្រាន់តែចុចទៅលើមុខងារ Create Call Links ហើយចែករំលែកវាទៅកាន់នរណាដែលអ្នកចង់ឱ្យចូលរួមនៅក្នុងក្រុមជាការសេ្រច។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២។

មុខងារថ្មីសន្លាងនេះនឹងដំណើរការនៅលើ WhatsApp បើទោះបីជាសមាជិកដែលត្រូវបានអញ្ជើញឱ្យចូលរួម Call នៅក្នុងគ្រុបមិនមាននៅក្នុង Contact អ្នកដែល Create Call Links ក៏ដោយក៏ពួកគេអាចចូលរួមបានដែល ដោយពួកគេគ្រាន់តែមាន WhatsApp តែប៉ុណ្ណោះ។

យោងតាមលោក Mark Zuckerberg ដែលសហស្ថាបនិកក្រុមហ៊ុន Meta និងជាមេធំរបស់ WhatsApp បានឱ្យដឹងថា ពេលនេះ Call Links កំពុងស្ថិតនៅក្នុងដំណើរការសាកល្បង ហើយអាចនឹងចេញផ្សាយជាសាធារណៈក្នុងអំឡុងពេល ២ទៅ៣ថ្ងៃចាប់ពីថ្ងៃចេញផ្សាយនេះ ឬមួយសប្តាហ៍ទៀត។ លើសពីនេះទៅទៀតលោកបានបង្ហើបឱ្យដឹងទៀតថា បច្ចុប្បន្ននេះក្រុម Developer របស់ WhatsApp កំពុងសាកល្បងមុខងារ Video Call ដែលអាចអនុញ្ញាតឱ្យមានមនុស្សចូលរួមរហូតដល់ទៅ ៣២នាក់ឯណោះ តែចំពោះព័ត៌មានលម្អិតទៅនឹងមុខងារនេះត្រូវបានគេសន្យាថា នឹងចេញផ្សាយឆាប់ៗខាងមុខនេះ។

គួរបញ្ជាក់ថា មុខងារ Call Links នេះមិនមែនជាមុខងារដំបូងបង្អស់សម្រាប់កម្មវិធីបែបនេះនោះទេ ដោយឡែកនៅក្នុងកម្មវិធីផ្សេងទៀតក៏ធ្លាប់បានបញ្ជេញមុខងារបែបនេះអស់រយៈពេលជាយូរមកហើយ។ ប៉ុន្តែ WhatsApp ដាក់ចេញមុខងារនេះទំនងជាធ្វើឱ្យអ្នកប្រើប្រាស់របស់ខ្លួនសប្បាយចិត្តជាខ្លាំង ដោយកន្លងមកប្រសិនបើចង់ Call នៅក្នុងក្រុមមនុស្សច្រើនគឺត្រូវ Invite ម្នាក់ម្តងៗ ប៉ុន្តែ Call Links ថ្មីនេះនឹងកាន់តែមានភាពងាយស្រួលជាមុន ហើយ WhatsApp ទំនងជាអាចទាក់ចិត្តអ្នកប្រើប្រាស់ឱ្យចូលរួមកាន់តែច្រើនក៏ថាបាន៕