(កូរ៉េ)៖ ក្រុមចម្រៀងនារីល្បីឈ្មោះក្នុងវិស័យ K-POP គឺ BLACKPINK ត្រូវបានរាយការណ៍មកថា នៅតែជាក្រុមចម្រៀង ដែលឈរនៅលេខរៀងទី១ លើតារាង Billboard ’s Artist 100 ដែលនេះជាកំណត់ត្រាថ្មីមួយទៀត ក្នុងចំណោមក្រុមចម្រៀងផ្នែកនារី។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន All-KPOP នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២។

យោងតាមការធ្វើបច្ចុប្បន្នភាពតារាង Billboard ’s Artist 100 ប្រចាំសប្តាហ៍នេះ បានឲ្យដឹងថា BLACKPINK ដែលទើបត្រឡប់មកវិញ ជាមួយនឹងអាល់ប៊ុមទី២របស់ពួកគេគឺ «Born Pink» បានចូលក្នុងតារាងនេះម្តងទៀត ក្នុងលេខរៀងទី១ ដែលនេះជាលើកទី២ហើយសម្រាប់ក្រុម ក្នុងការសម្រេចបានតំណែងខ្ពស់បំផុតនៅលើតារាង Artist 100។ ប្រការនេះបានធ្វើឲ្យ BLACKPINK ក្លាយជាក្រុមចម្រៀងនារីដំបូង ក្នុងប្រវត្តិសាស្ត្រដែលចំណាយពេលច្រើនសប្តាហ៍ នៅលើកំពូលតារាង Artist 100។

បន្ថែមពីនេះ «Born Pink» បានឡើងដល់លេខរៀងទី១ សម្រាប់ការលក់អាល់ប៊ុមបានច្រើនបំផុត ខណៈក្រុមនេះក៏បានជាប់ក្នុងតារាង Billboard 200 នៅលេខរៀងទី១ផងដែរ និងបានជាប់ឈ្មោះជាក្រុមដំបូងគេ ក្នុងចំណោមក្រុមចម្រៀងនារី K-POP។ នៅមិនទាន់អស់ទេ បទចម្រៀងថ្មីរបស់ BLACKPINK ចំណងជើងថា «Shut Down» ក៏បានជាប់ចំណាត់ថ្នាក់លេខ១ នៅលើតារាង Billboard Global 200 និង Global 200 Excl ក្នុងសប្តាហ៍នេះផងដែរ៕