(រ៉ូម)៖ អ្នកស្រី Maria Sole Ferrieri Caputi នឹងក្លាយជាមន្ត្រីអាជ្ញាកណ្តាលជាស្ត្រីដំបូងគេបង្អស់ ដែលទទួលបន្ទុកការងារនៅក្នុងការប្រកួតលីគកំពូលអ៉ីតាលី Serie A នៅពេលដែលក្រុម Sassuolo ធ្វើជាម្ចាស់ផ្ទះទទួលក្រុម Salernitana នៅថ្ងៃអាទិត្យសប្តាហ៍នេះ។ នេះបើតាមការបញ្ជាក់ពី សមាគមអាជ្ញាកណ្តាលអ៉ីតាលី (AIA) ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២។

Ferrieri Caputi បានក្លាយជាមន្ត្រីអាជ្ញាកណ្តាលស្ត្រីដំបូងគេ ដែលទទួលបន្ទុកការងារនៅក្នុងការប្រកួតបាល់ទាត់កម្រិតកំពូលអ៉ីតាលីកាលពីឆ្នាំមុន នៅពេលដែលក្លិប Cagliari បានប្រកួតជាមួយ Cittadella ក្នុងព្រឹត្តិការណ៍ Coppa Italia។ នាងបានចូលបម្រើការងារជាមួយក្រុមមន្ត្រីអាជ្ញាកណ្តាលលីគ Serie A កាលពីខែកក្កដាកន្លងទៅ។

Ferrieri Caputi បានចូលរួមក្នុងសមាគមអាជ្ញាកណ្តាលកាលពីឆ្នាំ២០០៧ ដោយបានបម្រើការងារក្នុងលីគបាល់ទាត់តាមខេត្ត និងតំបន់ មុនពេលអ្នកស្រីចាប់ផ្តើមបម្រើការងារក្នុងការប្រកួតលីគ Serie D ក្នុងឆ្នាំ២០១៥។

ជំហានបន្ទាប់របស់អ្នកស្រី គឺនៅក្នុងឆ្នាំ២០១៩ នៅពេលដែលអ្នកស្រីទទួលខុសត្រូវការប្រកួតជម្រុះ Women's European Championship ចំនួន ២ប្រកួត ហើយឆ្នាំបន្ទាប់ បានចាប់ផ្តើមធ្វើជាអាជ្ញាកណ្តាលការប្រកួតក្នុងលីគ Serie C បូករួមជាមួយការប្រកួតលីគ Serie B ១ប្រកួតទៀត គឺជាការប៉ះគ្នារវាងក្រុម Cittadella និង SPAL៕