(កូឡាឡុំាពួរ)៖ ក្រុម Mercedes នៅឯព្រឹត្តិការណ៍ Formula One បានលើកឡើងថា ខ្លួននឹងបន្តភាពជាដៃគូបច្ចេកទេស និងបណ្ណសំគាល់កម្មសិទ្ធិរបស់ខ្លួន ជាមួយនឹងក្រុមហ៊ុនប្រេងឥន្ធនៈម៉ាឡេស៊ី Petronas ចាប់ពីឆ្នាំ២០២៦។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២។

Mercedes បានឈ្នះបណ្ណកម្មសិទ្ធិអ្នកសាងសង់ចំនួន ៨លើកចាប់តាំងពីមានភាពជាដៃគូជាមួយនឹង Petronas ក្នុងឆ្នាំ២០១០ បើទោះបីជាអ្នកបើកបរ Lewis Hamilton និង George Russell មិនទាន់បានឈ្នះការប្រណាំងក្នុងរដូវកាលនេះក៏ដោយ។

«ថ្ងៃនេះ យើងកំពុងធ្វើរឿងមិនធម្មតាមួយដោយប្រកាសភាពជាដៃគូ ដែលនឹងចាប់ផ្តើមក្នុងរយៈពេល ៤ឆ្នាំ» នេះបើតាមសម្តី CEO និងជាប្រធានក្រុម Mercedes លោក Toto Wolff។

«នេះគឺជាការផ្ញើសារដ៏សំខាន់មួយដោយក្រុមរបស់យើង និងក្រុមហ៊ុនមិនត្រឹមតែជាដៃគូប៉ុណ្ណោះទេ ប៉ុន្តែយើងគឺជាគ្រួសារ ហើយយើងនឹងក្លាយជាក្រុមមួយ សម្រាប់រយៈពេលជាច្រើនឆ្នាំបន្ថែមទៀតដែលនឹងមកដល់»

«ចាប់ពីឆ្នាំ២០២៦ ខាងមុខ ឥន្ធនៈប្រកបដោយនិរន្តរភាពកម្រិតខ្ពស់ នឹងក្លាយជាចំណុចស្នូលនៃការប្រណាំង F1 ហើយនេះបានផ្តល់ឲ្យយើងនូវឱកាសដ៏អស្ចារ្យមួយ»

លោក Wolff កីឡាករ Hamilton និង Russell កំពុងស្ថិតនៅទីក្រុង Kuala Lumpur មុនពេលព្រឹត្តិការណ៍ Singapore Grand Prix ដែលនឹងចាប់ផ្តើមនៅចុងសប្តាហ៍នេះ នៅឯទីលាន Marina Bay Street Circuit៕