(បរទេស)៖ ប្រព័ន្ធផ្សព្វផ្សាយសង្គម VK ឬត្រូវបានគេស្គាល់ថា VKontakte ដែលជាបណ្តាញសង្គមដ៏ធំបំផុតមួយប្រចាំនៅប្រទេសរុស្សី និងមានការទាញយករាប់រយលានគណនី បានឱ្យដឹងនាពេលថ្មីៗនេះថា គណនីរបស់ខ្លួនដែលមាននៅលើកម្មវីធី iOS ត្រូវបាន Apple ដកចេញពី App Store ដោយមិនដឹងពីមូលហេតុច្បាស់លាស់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Verge នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២។

ក្រសួងកិច្ចការឌីជីថលរបស់ប្រទេសរុស្ស៊ីបានថ្លែងប្រាប់សារព័ត៌មានរដ្ឋ RT ថាខ្លួនកំពុងស៊ើបអង្កេតរកមូលហេតុច្បាស់លាស់នៃការលុបកម្មវិធី VK និងគណនីរបស់ Developer ថាតើបណ្តាលមកពីអ្វីទើបឈានដល់ការលុបចេញពី AppStore បែបនេះ។ តែយ៉ាងណាមិញក្នុងនោះគេបានគូសបញ្ជាក់ដែរថា កម្មវិធី VK នឹងនៅតែមាននៅលើ Play Store របស់ Google ដែលត្រូវបានដាក់ឱ្យទាញយកជាធម្មតា មិនទាន់មានព័ត៌មានណាមួយអះអាងថាបានលុបចេញដូច Apple នោះទេ។

ចំពោះបញ្ហានេះគេសង្កេតឃើញថា ចាប់តាំងពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនមក គេហទំព័របណ្តាញផ្សព្វផ្សាយសង្គមរបស់អាមេរិកមួយចំនួនរួមមាន Instagram, Facebook និង Twitter ត្រូវបានរដ្ឋាភិបាលរុស្ស៊ីបិទគេហទំព័រចោល ហើយគិតមកទល់ពេលនេះទំនងជាដល់វេនដែល Apple ជាអ្នកបិទ VK វិញម្តង។ ដោយឡែកមួយរយៈចុងក្រោយនេះ សហរដ្ឋអាមេរិក និងរដ្ឋាភិបាលប្រទេសផ្សេងទៀតបានដាក់ទណ្ឌកម្មទៅលើបុគ្គល និងអាជីវកម្មដែលពាក់ព័ន្ធជាមួយរដ្ឋាភិបាលរុស្ស៊ីជាច្រើន ហើយក្នុងនោះក៏មាននាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន VK Group លោក Vladimir Kiriyenko ដែលជាសម្ព័ន្ធមិត្តលោក Putin កំពុងប្រឈមមុខជាខ្លាំងផងដែរ។

គួរបញ្ជាក់ដែរថា បណ្តាញផ្សព្វផ្សាយសង្គម VKontakte ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ ២០០៦ ដោយលោក Pavel Durov ដែលត្រូវបានគេស្គាល់ថាជាសហស្ថាបនិកបណ្តាញសង្គម VK និង Telegram ប៉ុន្តែនៅទីបំផុតលោកត្រូវបានបណ្តេញចេញពីក្រុមហ៊ុន VK ក្រោមហេតុផលលោក បានបដិសេដជាសាធារណៈក្នុងការសហការជាមួយអាជ្ញាធរ៕