(អាហ្សង់ទីន)៖ ខ្សែប្រយុទ្ធឆ្នើម Lionel Messi រកបាន ២គ្រាប់ត្រូវបានកត់ចូលក្នុងកំណត់ត្រាមួយរកបានជ័យជម្នះលើកទី១០០ ជាមួយជម្រើសជាតិអាហ្សង់ទីន បន្ទាប់ពីធ្វើបានក្នុងជំនួបមិត្តភាពអន្តរជាតិយកឈ្នះក្រុមហ្សាម៉ាអ៊ីក (Jamaica) ៣-០។ នេះបើតាមប្រភពពី BBC ឲ្យដឹងនាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២។

ស្ថិតក្នុងការប្រកួត Messi រកបាន ២គ្រាប់នៅនាទី៨៦ និងនាទី៨៩ ក្រោយពេលមិត្តរួមក្រុម Alvarez បើកការនាំមុខនៅនាទី១៣ ដែលលទ្ធផលនេះបានរក្សារហូតដល់បញ្ចប់ការប្រកួតដែលធ្វើឡើងនៅសហរដ្ឋអាមេរិក ហើយនិងត្រូវលេងមួយប្រកួតទៀតជាមួយសហព័ន្ធអារ៉ាប់រួម មុនការប្រកួត World Cup។

ហើយជ័យជម្នះនេះបានក្លាយជាកំណត់ត្រាថ្មីមួយរបស់ក្រុមជម្រើសជាតិអាហ្សង់ទី ដែលលេងមិនទាន់ចាញ់ក្នុងចំណោម ៣៥ប្រកួតមកនេះឈរលេខរៀងទី២ បន្ទាប់ពីជម្រើសជាតិអ៉ីតាលី ឈរក្នុងកំណត់ត្រាលេខ ១ពិភពលោកលេង ៣៧ប្រកួតមិនទាន់ចាញ់។

ខណៈបុរសវ័យ ៣៥ឆ្នាំមកពីក្លិបអាជីព PSG ខ្សែប្រយុទ្ធ Messi បច្ចុប្បន្នកំពុងរកបាន ៩០គ្រាប់ចំណោម ១៦៤ប្រកួតកម្រិតប្រកួតអន្តរជាតិ ជាមួយជម្រើសជាតិអាហ្សង់ទីន និងសរុបទាំងនៅឈុតយុវជនរកបាន ១០៦គ្រាប់នៃការចូលលេងបាន ១៨៧លើកជាមួយប្រទេសរបស់លោក។

បញ្ជាក់ផងថា Messi ក៏ស្ថិតក្នុងជម្រើលដែលនិងមានវត្តមានជាមួយជម្រើសជាតិអាហ្សង់ទីន ក្នុងភារកិច្ចប្រជែងពានរង្វាន់ពិភពលោក FIFA World Cup 2022 ពេលដែលអតីតម្ចាស់ពានពិភពលោក ២សម័យកាលមួយនេះ បានស្ថិតក្នុងពូល C ជាមួយក្រុមអារ៉ាប៊ីសាអូឌីត, ម៉ិកស៊ិក និងក្រុមប៉ូឡូញ៕